អភិបាលខណ្ឌទួលគោក ជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សា នៃវិទ្យាល័យ ជា ស៉ីម សាមគ្គី
ភ្នំពេញ៖នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំ លោក លោកស្រី អភិបាលរងខណ្ឌ នាយក-នាយករងរដ្ឋបាល និងមន្ត្រីអមដំណើរ ចុះជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សា នៃវិទ្យាល័យ ជា ស៉ីម សាមគ្គី។
ក្នុងពិធីសំណេះសំណាលនេះ ធ្វើឡើងមុនពេលថ្ងៃប្រកាសបើកសាលារៀនឡើងវិញ ក្រោយពីក្រសួងអប់រំ យុវជន និងកីឡា បានផ្អាកការបង្រៀនផ្ទាល់នៅសាលា និងងាកមកបង្រៀននិស្សិត និងសិស្សានុសិស្ស តាមប្រព័ន្ធអនឡាញវិញ អស់រយៈពេលជាច្រើនខែកន្លងមកនេះ ដើម្បីទប់ស្កាត់ជម្ងឺកូវីដ១៩ ដែលកំពុងរីករាលដាលយ៉ាងសកម្ម នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
លោកបន្តថា៖រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំ ដែលបានខិតខំស្វែងរកវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ តាមរយៈយន្តការជំនួយពីបរទេស និងការបញ្ជាទិញ យកមកចាក់ជូនដល់ប្រជាពលរដ្ឋបានស្ទើរតែ១០០% នៃចំនួនប្រជាជនដែលមានអត្ថិភាពទទួលការចាក់វ៉ាក់សាំងបានមុនគេ និងយោងលើស្ថានភាពធូរស្រាលនៃការឆ្លងមេរោគកូវីដ១៩នៅតាមសហគមន៍។ រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា បានចាត់អត្ថិភាពជាចម្បងលើវិស័យអប់រំដែលជាវិស័យស្នូលក្នុងការអភិវឌ្ឍប្រទេសជាតិ និង បានប្រកាសអនុញ្ញាតអោយបើកសាលារៀនឡើងវិញ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីពង្រឹង និងបង្កើនគុណភាព ប្រសិទ្ធលើការសិក្សា ជាពិសេស ជម្រុញការបណ្ដុះ ក៏ដូចជាអភិវឌ្ឍន៍ ថ្នាលធនធានមនុស្សបន្តវេន អោយកាន់តែមានភាពរឹងមាំបន្ថែមទៀត ស្របពេលក្នុងបរិបថនៃជម្ងឺកូវីដ១៩នេះ។
លោកអភិបាលខណ្ឌ បានផ្ដែផ្ដាំដល់ លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវតែយកចិត្តទុកដាក់ថែរក្សាអនាម័យ និងអនុវត្តជាប់ជានិច្ចនូវវិធានការ ៣ការពារ និង៣កុំ ដើម្បីបង្ការ និងការពារជម្ងឺកូវីដ១៩។
លោកអភិបាលខណ្ឌ បានបន្តទៀតថា លោកគ្រូ អ្នកគ្រូ ជាឪពុក ម្ដាយទី២ របស់ សិស្សានុសិស្សគ្រប់រូប ជាអ្នកផ្ដល់ចំណេះដឹងដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្ស សូមអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានលះបង់ដ៏ធំធេងនូវ កម្លាំងកាយចិត្ត និងចំណេះវិជ្ជាក្នុងការបណ្ដុះបណ្ដាលថ្នាលធនធានមនុស្ស អោយមានភាពរីកលូតលាស់ ឈានដល់ការអភិវឌ្ឍន៍វិស័យអប់រំជាតិអោយមានសក្តានុពលភាពយ៉ាងឆាប់រហ័ស និងជម្រុញការអភិវឌ្ឍប្រទេសអោយកាន់តែមានភាពរីកចម្រើនទៅមុខទៀត។
ក្នុងឱកាសនោះដែរលោកអភិបាលខណ្ឌ បានឧបត្ថម្ភដល់ វិទ្យាល័យ ជា ស៉ីម សាមគ្គី នូវ អំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោក អភិបាលរាជធានីភ្នំពេញ រួមមាន អង្ករ ៥០០ គ.ក មី ២០ កេស និងទឹកស៊ីអ៉ីវ ២០ យួរ ដើម្បីជាការជួយសម្រាកបន្ទុកជីវភាពរបស់ លោកគ្រូ អ្នកគ្រូផងដែរ៕