ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកច្នៃម៉ូតអន្ដរជាតិ លោកRemy Hou នឹងនាំតារាបង្ហាញម៉ូតខ្មែរម្នាក់ ចូលរួមកម្មវិធីបង្ហាញម៉ូតខ្នាតអន្តរជាតិនៅអាមេរិក

237

ភ្នំពេញ៖ អ្នកច្នៃម៉ូតអន្តរជាតិ ល្បីឈ្មោះ លោក Remy Hou គ្រោងនឹងនាំតារាបង្ហាញម៉ូតជនជាតិខ្មែរមួយរូប ដើម្បីចេញទៅចូលរួមព្រឹត្តិការណ៍ បង្ហាញម៉ូតអន្តរជាតិដ៏ធំមួយនៅ សហ រដ្ឋអាមេរិក។ លោកចង់ឲ្យនារីខ្មែរមានមុខ លើឆាកអន្តរជាតិ ដោយស្លៀកសម្លៀកបំពាក់ដែលលោកបានច្នៃដោយផ្ទាល់ដៃ។

លោក Remy Hou ដែលជាកូនខ្មែរធំធាត់នៅលើទឹកដីនៃសហរដ្ឋអាមេរិក ធ្លាប់បានធ្វើឲ្យស្គាល់រួចមកហើយតាមរយៈ ការចូលរួមបង្កើតព្រឹត្តិការណ៍អស្ចារ្យជាច្រើននៅកម្ពុជា។ លោកបានទម្លាយថា នៅថ្ងៃទី១២ខែតុលាខាងមុខនេះ លោកនឹងដឹកនាំតារាខ្មែរកញ្ញា ម៉ាយ៉ា ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមព្រឹត្តិការណ៍បង្ហាញម៉ូតដ៏ធំមួយនៅទីនោះ។លោកថាកម្មវិធីនេះនឹងធ្វើឡើងនៅទីក្រុង Huston ដែលនាងមានអ្នកបង្ហាញម៉ូត និងអ្នកច្នៃម៉ូតមកពី៥ប្រទេស ចូលរួមមានប្រទេសឥណ្ឌា ឌូបៃ ប៉ាគ្គីស្ថាន សហរដ្ឋអាមេរិក និងកម្ពុជា។ អ្នកច្នៃម៉ូត និងផលិតកម្មវិធីរូបនេះលើកឡើងដែរថា​នេះ គឺជាការលើកកម្ពស់តម្លៃនារីខ្មែរ ដែលអាចមានសមត្ថភាពទេពកោសល្យ រូបរាងស្រស់សោភា នៅលើឆាកអន្តរជាតិ និងដើម្បីឲ្យពិភពលោកកាន់តែស្គាល់ពីតម្លៃ និងសមត្ថភាពរបស់នារីខ្មែរ។ លោក Remy Hou បញ្ជាក់ថាកន្លងមកលោកធ្លាប់ បានបង្កើតព្រឹត្តិការណ៍បង្ហាញម៉ូត អន្តរជាតិជាច្រើន លើករួចមកហើយនៅសហរដ្ឋអាមេរិក ប៉ុន្តែនេះគឺជាលើកទី១ដែលលោកបាននាំ តារាបង្ហាញម៉ូតខ្មែរចេញ ទៅបង្ហាញម៉ូត ជាផ្លូវការនៅទីនោះដែលជា ក្តីស្រម៉ៃរបស់លោក ជាយូរឆ្នាំមកហើយ។

លោកបានត្រៀមទាំងម៉ូតសម្លៀកបំពាក់ ស្បែកជើងនឹងគ្រឿងអលង្ការជាច្រើន ដែលច្នៃដោយគំនិតកូនខ្មែរ ទៅបង្ហាញនៅលើឆាកអន្តរជាតិផងដែរ។
លោករំពឹងថាព្រឹត្តិការណ៍បង្ហាញម៉ូត នៅខែតុលាខាងមុខនេះនឹងទទួល បានការគាំទ្រច្រើនពីមហាជន ហើយព្រឹត្តិការណ៍នេះ ក៏លោកជឿជាក់ដែរថា នឹងអាចជួយលើកកម្ពស់មុខមាត់សិល្បៈជាតិ និងភាពច្នៃប្រឌិតរបស់កូនខ្មែរនៅលើឆាកអន្តរជាតិផងដែរ។
សូមបញ្ជាក់ថា៖ លោក Remy Hou គឺជាអ្នកច្នៃម៉ូតល្បីឈ្មោះម្នាក់ដែលលោក ចាប់ផ្តើមការងារច្នៃម៉ូតផ្នែក សម្លៀកបំពាក់ចាប់តាំងពីឆ្នាំ២០០៨ និងម៉ូតស្បែកជើងចាប់តាំងពីឆ្នាំ២០១០។ លោកក៏ធ្លាប់បានរចនាស្បែកជើងឲ្យតារា ចម្រៀងអន្តរជាតិ ដ៏ល្បីឈ្មោះមួយរូបផងដែរ ដែលកន្លងមកលោកក៏ធ្លាប់ធ្វើការស្រាវជ្រាវ និងសិក្សាស្វែងយល់ អំពីការរចនាស្បែកជើង និងសម្លៀកបំពាក់ នៅកម្ពុជាអស់ជាយូផងដែរ៕

អត្ថបទដែលជាប់ទាក់ទង