ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការគ្រប់គ្រងសម្ពាធអតិផរណា ដោយកម្ពុជា រក្សាបានក្នុងកម្រិតទាបជាង ៣%

140

 

នាព្រឹកថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជួបស្វាគមន៍ក្រុមបេសកកម្មពិគ្រោះយោបល់មាត្រា IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយ លោក Alasdair Scott សេដ្ឋវិទូជាន់ខ្ពស់ និងជាប្រធានក្រុមបេសកកម្មពិគ្រោះយោបល់មាត្រា IV សម្រាប់កម្ពុជា តាមរយៈប្រព័ន្ធអនឡាញ។

លោក Alasdair Scott បានជម្រាបជូនពីគោលបំណងនៃការបំពេញបេសកកម្មរយៈពេល២ សប្តាហ៍នេះ គឺចាប់ពីថ្ងៃទី១៣-២៧ ខែកញ្ញា ឆ្នាំ២០២១ និងបានថ្លែងការកោតសរសើរពីវិធានការរបស់រាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា ក្នុងការកាត់បន្ថយឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះ ឯកឧត្តម ទេសាភិបាល បានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងវិធានការគាំទ្រសង្គមនិងសុខាភិបាល ដែលត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ទេសាភិបាល ក៏បានលើកឡើងពីការគ្រប់គ្រងសម្ពាធអតិផរណា ដោយកម្ពុជារក្សាបានក្នុងកម្រិតទាបជាង ៣% ជាមួយស្ថិរភាពអត្រាប្តូរប្រាក់ (ប្រែប្រួលទាបជាង ២%)។ កម្ពុជាក៏បានរក្សាកម្រិតខ្ពស់គ្រប់គ្រាន់ នៃទុនបម្រុងអន្តរជាតិ ដែលអាចធានាការនាំចេញទំនិញនិងសេវាប្រមាណ ១០ខែ។ ទន្ទឹមនេះ ប្រព័ន្ធធនាគារក៏បានរក្សាភាពធន់ និងបានរួមចំណែកក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ជាពិសេសបានជួយដល់វិស័យ ដែលទទួលរងផលប៉ះពាល់និងប្រជាជនងាយរងគ្រោះ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះជំនួយបច្ចេកទេសរបស់ IMF ជាពិសេសវត្តមាន ការិយាល័យតំណាងរបស់ IMF នៅកម្ពុជា និងជំនាញការ IMF នៅធនាគារជាតិនៃកម្ពុជា ដែលបានរួមចំណែកគាំទ្រការរៀបចំអនុវត្តគោលនយោបាយនានា ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស។

គួររំលេចថា បេសកកម្មពិគ្រោះយោបល់មាត្រា IV ជាបេសកកម្មរបស់ IMF ដែលត្រូវបានធ្វើឡើងជាប្រចាំឆ្នាំ នៅគ្រប់បណ្តាប្រទេសជាសមាជិក ក្នុងគោលបំណងតាមដាន ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលើកជាអនុសាសន៍គោលនយោបាយ សម្រាប់អនុវត្តសំដៅគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច៕

អត្ថបទដែលជាប់ទាក់ទង