សាលារៀននៅរាជធានីភ្នំពេញ ចាប់ផ្ដើមបើកដំណើរការឡើងវិញហេីយ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៥ខែកញ្ញាឆ្នាំ ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញទៅធ្វើពិធីបើកសាលារៀនឡើងវិញ ចំនួន៣ជាបន្តបន្ទាប់ ដែលជានិមិត្តរូបបេីកឱ្យដំណេីរការសាលារៀនទាំងអស់ក្នុងរាជធានីភ្នំពេញ គឺអញ្ជេីញទៅវិទ្យាល័យស៊ីសុវត្ថិ វិទ្យាល័យចតុមុខ និងអញ្ជើញទៅវិទ្យាល័យICS ក្នុងខណ្ឌដូនពេញ ។
គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃពុធថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២១ នេះតទៅ និងក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗបានត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា គ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នៅរាជធានីភ្នំពេញ ដែលត្រូវបើកដំណើរការឡើងវិញមានចំនួនសរុប ២២៧ ទីតាំង (គ្រឹះស្ថានសាធារណៈ ៦៨ ទីតាំង និងគ្រឹះស្ថានឯកជនចំនួន ១៥៩ ទីតាំង) មានលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំបម្រើការងារចំនួន ១០.៤៤៣ នាក់ និងមានសិស្សានុសិស្សត្រូវចូលរៀនវិញចំនួន ១៣៩.៥៧៨ នាក់៕