ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារចាត់វិធានការ ចំពោះបងប្អូនមួយចំនួននេះ ក្នុងការផាកពិន័យ និងដាក់ទោសតាមច្បាប់ ចំពោះការប្រមូលផ្តុំ ការជួបជុំ ផឹកស៊ី

287

សៀមរាប ៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា ក្នុងកាលៈទេសៈដ៏លំបាកនេះហើយ បងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែប្រហែស ខ្វះការប្រុងប្រយ័ត្ន បំពាន និងមិនមានការស្វែងយល់ពីហានិភ័យនៃជំងឺកូវីដ-១៩។

អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា អាជ្ញាធរយើងខ្ញុំ បានខិតខំណែនាំហើយ ណែនាំទៀត អង្វរផង និងអំពាវនាវផង បងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមិនស្តាប់ មិនចូលរួម ។
ខ្ញុំត្រូវបង្ខំចិត្ត ឲ្យក្រុមការងារចាត់វិធានការចំពោះបងប្អូនមួយចំនួននេះ ក្នុងការផាកពិន័យ និងដាក់ទោសតាមច្បាប់។

សូមបងប្អូនប្រជាពលរដ្ឋ កុំឆ្លៀតធ្វើអ្វីដែលខុសពីការណែនាំ ព្រោះ៖
-បងប្អូនអាចប្រឈមនឹងផ្លូវច្បាប់
-បងប្អូនអាចត្រូវបិទ អាជីវកម្ម បិទហាង បាត់បង់ការងារ
-បងប្អូនអាច ឆ្លងកូវីដ-១៩ និងនាំយកជំងឺចូលផ្ទះ ឆ្លងដល់ ប្តីប្រពន្ធ ឆ្លងដល់កូន ឆ្លងដល់ ឪពុកម្ដាយ ដែលចាស់ជរា
-បងប្អូននឹងអាចធ្វើអោយបាត់បង់សមាជិកក្រុមគ្រួសារ ដោយសារតែទប់ចិត្តមិនបាន ជុំគ្នាផឹក សប្បាយក្នុងមួយគ្រា។

“សូមអង្វរ និងអំពាវនាវម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋ សូមចូលអនុវត្ត គ្រប់គ្រងកូនចៅឲ្យបានល្អ បើមិនមានការចាំបាច់ កុំចេញពីផ្ទះដើម្បីសុវត្ថិភាព ដោយផ្អាកការប្រមូលផ្តុំ ការជួបជុំ ផឹកស៊ី និងសកម្មភាពទាំងឡាយដែលផ្ទុយពីវិធានការការពាររបស់ក្រសួងសុខាភិបាល”។ អភិបាលខេត្តសៀមរាបបានបញ្ជាក់យ៉ាងដូច្នេះ។

សមត្ថកិច្ច បានចុះអនុវត្តលើបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមច្បាប់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩។

បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាបចេញសេចក្តីសម្រេចលេខ១៥៤/២១សសរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាបរួចមក រដ្ឋបាលខេត្តបានសង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេច និងច្បាប់ស្តីពីវិធានការទប់ ស្កាត់ការ ឆ្លងរាល ដាលនៃជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។ សូមបញ្ជាក់ថា កន្លងមក រដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាល ធ្លាប់បានអប់រំ ផ្សព្វផ្សាយជាបន្តបន្ទាប់តាមគ្រប់រូបភាព ប៉ុន្តែបងប្អូននៅតែមិនចូលរួមអនុវត្តឱ្យបានហ្មត់ចត់ ឬមិនយកចិត្តទុកដាក់ស្តាប់ការណែនាំរបស់សមត្ថកិច្ចនោះឡើយ។

ដូចនេះ ដើម្បីជាផលប្រយោជន៍នៃសុខភាពសាធារណៈ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ សមត្ថកិច្ចនឹងចុះល្បាតគ្រប់ច្រកល្ហកក្នុងភូមិសាស្ត្រក្នុងក្រុងសៀមរាប។ ចំពោះបុគ្គលទាំងឡាយណាមិនអនុវត្តតាមវិធានការរដ្ឋបាល នឹងត្រូវផ្តន្ទាទោសតាមខ្លឹមសារមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋនឹងចូលរួក្នុងអនុវត្តសេចក្តីសម្រេចខាងលឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសការចូលរួមកាត់ផ្តាច់ជំងឺកូវី-១៩ចេញពីសហគមន៍យើង៕

អត្ថបទដែលជាប់ទាក់ទង