លោកឧកញ៉ាទៀ វិចិត្រ ចុះផ្ទាល់ជាមួយ ក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុនGTVC និងសមត្ថកិច្ចចម្រុះ ស្វែងរកជនរងគ្រោះម្នាក់ ដែលបាត់ខ្លួន ក្រោយលិចទូកនេសាទនៅស្រុកស្ទឹងហាវ
ព្រះសីហនុ៖ លោកឧកញ៉ាទៀ វិចិត្រ ចុះផ្ទាល់ជាមួយក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុនGTVC សហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចចម្រុះស្វែងរកជនរងគ្រោះម្នាក់ដែលបាត់ខ្លួន ក្រោយលិចទូកនេសាទនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយគិតមកត្រឹមថ្ងៃត្រង់ថ្ងៃ១៥កញ្ញា២០២១ សមត្ថកិច្ចនិងក្រុមសង្គ្រោះ នៅមិនទាន់ស្វែងរកឃើញជនរងគ្រោះម្នាក់នោះនៅឡើយ ។
លោកឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវឲ្យសារព័ត៌មានដឹងថា ចាប់តាំងពីព្រឹកថ្ងៃ១៥កញ្ញា២០២១ សមត្ថកិច្ចនិងក្រុមសង្គ្រោះចូលរួមពីអ្នកមុជទឹកអង្គភាពកំពង់ផែស្វយត័ក្រុងព្រះសីហនុ និងក្រុមការងារសង្គ្រោះក្រុមហ៊ុនGTVC របស់លោកឧកញ៉ាទៀ វិចិត្រ ក្នុងនោះលោកឧកញ៉ាទៀ វិចិត្រក៍មានវត្តមាន ក្នុងការចូលរួមស្វែងរកជនរងគ្រោះដែរ ដោយបានចលត័អូបរ័ស្វែងរកក្នុងសមុទ្រ និងមុជទឹក បន្តស្វែងរកជនគ្រោះដែលបាត់ខ្លួននោះ ស្របពេលដែលធាតុអាកាសនៅតែមានភ្លៀង។
សុំបញ្ជាក់ថា ទូកនេសាទតូចមួយគ្រឿងបានលិច នៅចំណុចចុងអូរ ប្រមាណ១០០ម៉ែត្រ ពីដីគោក ក្នុងសមុទ្រឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីពេលរសៀលថ្ងៃ១៤កញ្ញា ។ មនុស្សចំនួន ២នាក់នៅលើទូក ត្រូវជាឪពុកនឹងកូន ក្នុងនោះពេលទូកលិច ឪពុកឈ្មោះ មាឃ សៀក អាយុ៤៧ឆ្នាំ មុខរបរនេសាទ បានហែលទឹករួច មិនមានគ្រោះថ្នាក់ទេ ប៉ុន្តែកូនប្រុសឈ្មោះ ស៊នមករា (ហៅឧត្តម) អាយុ១៤ឆ្នាំ បានបាត់ខ្លួនរកមិនទាន់ឃើញ។
ជនរងគ្រោះទាំងពីរ ជាពលរដ្ឋរស់នៅក្រុម១០ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ៕