ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា អាមេរិក ប្តេជ្ញារួមគ្នាលើកកម្ពស់កិច្ច សហប្រតិបត្តិការទ្វេភាគីលើវិស័យយោធាក្នុងការពង្រឹង និងពង្រីកចំណង មិត្តភាព ទំនាក់ទំនងល្អឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត

107

 

ភ្នំពេញ ៖ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក បានរំលឹកឡើងវិញ នូវការព្រួយបារម្ភចំពោះការកសាងមូលដ្ឋានរាមរបស់កម្ពុជា។
ពាក់ព័ន្ធទៅនឹងការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ជូនឯកឧត្តមឯកអគ្គរដ្ឋទូតថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្វះស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីអភិវឌ្ឍមូលដ្ឋានរាមក្នុងបុព្វហេតុសន្តិសុខ សន្តិភាព និងកិច្ច សហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតជូនឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក និងលោក វរសេនីយ៍ឯក Thang Ly ប្រធានការិយាល័យអនុព័ន្ធយោធាអាមេរិកថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការគណៈរដ្ឋមន្ត្រី រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងជំនួបពិភាក្សានេះ សម្តេចពិជ័យសេនា សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅសារជាថ្មីម្តងទៀតចំពោះវត្តមាន ឯកឧត្តម ឯកអគ្គរដ្ឋទូត និងអបអរសាទរចំពោះវរសេនីយ៍ឯក Thang Ly ដែលទើបតែង តាំងជា នាយការិយាល័យអនុព័ន្ធ យោធាសហរដ្ឋអាមេរិកថ្មីប្រចាំកម្ពុជា ក្រសួងការពារជាតិ ត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តគាំទ្របេសកកម្មការទូត យោធាជាមួយអនុព័ន្ធយោធាថ្មី ដើម្បីពង្រឹងទំនាក់ ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព និងការរីកចម្រើន។ជាមួយគ្នានេះ សម្តេចពិជ័យសេនា ចូលរួមសម្ដែងសមានទុក្ខដ៏ក្រៀមក្រំចំពោះបងប្អូនប្រជាជនអាមេរិក តាមរយៈ ឯកឧត្តម ឯកអគ្គរដ្ឋទូត ជូនថ្នាក់ដឹកនាំក្រសួងការពារ ប្រទេសនូវ ខួប២០ឆ្នាំ នៃ“ព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ “២០០១ – ២០២១” ដែលបានសម្លាប់ជនស្លូតត្រង់ជាច្រើនរយនាក់។

នៅក្នុងជំនួបខាងលើ ឯកឧត្តម ឯកអគ្គរដ្ឋទូត សូមថ្លែងអំណរគុណចំពោះ សម្តេចពិជ័យសេនា ដែលបានចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំចំពោះព្រឹត្តិការណ៍វាយប្រហារភេរវកម្ម គម្រប់ខួប២០ឆ្នាំ “១១ កញ្ញា ២០០១-១១ កញ្ញា ២០២១” នៅសហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្សចំនួនជាង ៣០០០នាក់ មានជនជាតិបរទេសជាង៩០សញ្ជាតិ ។

បន្ថែមពីលើ នេះ ឯកឧត្តម បានលើកឡើងពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងអាមេរិក-កម្ពុជា លើវិស័យជាច្រើន ដូចជា វិស័យរក្សា សន្តិភាព វិស័យសន្តិសុខរួមប្រឆាំងអំពើ ភេរវកម្ម វិស័យបោសសម្អាតនៅកម្ពុជា ប្រតិបត្តិការស្វែងរកអដ្ឋិធាតុកងទ័ពសហរដ្ឋ អាមេរិកនៅកម្ពុជា។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានរំលឹកពីការជួយវ៉ាក់សាំងចំនួន១លានដូសតាមរយៈយន្តការ COVAC ជូនក្រសួងសុខាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកប្រយុទ្ធនឹងជំងឺកូវីដ១៩ និងនៅថ្ងៃនេះសហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយបន្ថែម ដល់កម្ពុជានូវថវិកាចំនួន ១០០,០០០ដុល្លារអាមេរិក និងឧបករណ៍ សម្ភារៈវេជ្ជសាស្ត្រមួយចំនួនផ្សេងទៀត ដោយសហការជាមួយអង្គការ សុខភាពពិភពលោក UNICEF។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានរំលឹកឡើងវិញនូវការព្រួយបារម្ភចំពោះការកសាងមូលដ្ឋានរាមរបស់កម្ពុជាផងដែរ។

ជាការឆ្លើយតប សម្តេចពិជ័យសេនា ថ្លែង អំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានផ្តល់អំណោយដ៏ ថ្លៃថ្លានូវ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Johnson&Johnson ជូនរដ្ឋាភិបាលកម្ពុជា តាមរយៈយន្តការ COVAC និង ប្រកាសផ្តល់ជំនួយថ្មីៗបន្ថែមទៀតនៅថ្ងៃនេះ គឺជាការរួមចំណែកប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅប្រទេសកម្ពុជា។

សម្តេចបាន ជម្រាបជូនថា ថ្ងៃនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសជាផ្លូវការនូវយុទ្ធនាការចាក់វ៉ាក់សាំងជូន កុមារអាយុចាប់ពី៦-១២ឆ្នាំ ក្នុងគោលបំណងសម្រេចបានការបង្កើតភាពសុំនៅក្នុងសហគមន៍ ផ្សារ និងសង្គម សេដ្ឋកិច្ច ឡើងវិញ និងប្រកាសបើកសាលារៀនមួយចំនួនឲ្យដំណើរការឡើងវិញផងដែរ។

ពាក់ព័ន្ធទៅនឹងការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម សម្ដេចពិជ័យសេនា បានបញ្ជាក់ជូនឯកឧត្តម ឯកអគ្គរដ្ឋទូត ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំស្វះស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីអភិវឌ្ឍមូលដ្ឋានរាមក្នុងបុព្វហេតុសន្តិសុខ សន្តិភាព និងកិច្ច សហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ។ កន្លងមក តបតាមការស្នើសុំរបស់ស្ថានទូត និងការិយាល័យអនុព័ន្ធយោធាអាមេរិកប្រចាំកម្ពុជា ក្រសួងការពារជាតិបានស្វាគមន៍ និងអនុញ្ញាតជូននាយទាហានដឹកនាំក្រុម ការងារចូលរួមបំពេញទស្សនកិច្ច នៅមូលដ្ឋានសមុទ្ររាម និងទីបញ្ហាការសន្តិសុខលម្ហសមុទ្រថ្មី០២ លើក បានដំណើរការប្រកបដោយលទ្ធផលជាផ្លែផ្កា មានទំនុកចិត្តគ្នាទៅវិញទៅមក។ ប្រការនេះ បានគូសបញ្ជាក់យ៉ាងច្បាស់ជូនប្រជាជនកម្ពុជានិងអន្តរជាតិនូវគោលជំហរនយោបាយការទូតកម្ពុជា នៅតែរក្សាសន្តិសហវិជ្ជមានជាមួយប្រទេសទាំងអស់រួមទាំងសហរដ្ឋអាមេរិក ដើម្បីរួមគ្នាជំរុញ និងលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការឱ្យកាន់តែប្រសើរថែមទៀត។សម្តេចពិជ័យសេនា បានរំលឹកពីប្រវត្តិនៃចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា អាមេរិក លើវិស័យរក្សាសន្តិភាព តាមរយៈភាគីអាមេរិកជួយកសាងទីតាំងរៀបចំលំហាត់ហ្វឹកហ្វឺនពហុសាសន៍ “GPOI” នៅឆ្នាំ២០១០ និងរៀបចំលំហាត់ជាបន្តបន្ទាប់ ដែលពេលនេះទីតាំងនេះ បានប្រែក្លាយជាសាលាហ្វឹកហ្វឺនពហុសាសន៍កម្រិតតំបន់ជួយបណ្តុះបណ្តាលធនធានមនុស្ស និងជំនួយផ្សេងៗជាបន្ត បន្ទាប់ ដែលធ្វើឲ្យកម្ពុជាមានសមត្ថភាពបញ្ជូនកងកម្លាំងរក្សា សន្តិភាពនៅឆ្នាំ ២០០៦ ត្រឹមតែចំនួន១៣៥នាក់ប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់បច្ចុប្បន្នកម្ពុជាមាន លទ្ធភាពបញ្ចូនកម្លាំងកើនឡើងរហូតដល់ទៅជិត៨០០នាក់ ក្នុងមួយឆ្នាំ។

សម្តេចពិជ័យសេនា បានគូសបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំ២០២០-២០២១នេះ ទោះបីមានការរីករាលដាលជំងឺ កូវីដ-១៩ និងមានភាពរអាក់រអួលកិច្ចការមួយចំនួនក្តី ប៉ុន្តែកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីប្រទេសទាំងពីរនៅតែបន្តកិច្ចសហការតាមលទ្ធភាព និងស្ថានភាពជាក់ស្តែង ដែលអាចដំណើរ ការបានតាមគន្លងប្រក្រតីភាពថ្មី តាមរយៈកិច្ចប្រជុំការប្រាស្រ័យទំនាក់ទំនងទៅវិញ ទៅមក។

សម្តេចពិជ័យសេនា និងឯកឧត្តម ឯកអគ្គរដ្ឋទូត បានប្តេជ្ញារួមគ្នាលើកកម្ពស់កិច្ច សហប្រតិបត្តិការទ្វេភាគីលើវិស័យយោធាក្នុងការពង្រឹង និងពង្រីកចំណង មិត្តភាព ទំនាក់ទំនងល្អឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង