ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន ថ្លែងអំណគុណ ក្រុមគ្រូពេទ្យបាន បំពេញបេសកកម្មព្យាបាលជំងឺកូវីដ-១៩ តាមរយៈការខិតខំប្រឹងប្រែងព្យាបាលជំងឺកូវីដ ជាគុណសម្បត្តិដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ

93

ព្រះសីហនុ៖ នារសៀលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ចំនួន ១១៨នាក់ នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឱ្យដឹងថា នៅពេលចាប់ផ្តើមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដំបូង យើងមានមន្ត្រី តែ ១០នាក់ តែដោយមានការណែនាំពីឯកឧត្តមអភិបាលខេត្ត ទើបយើងបានពង្រីកបន្ថែមសមាជិកក្រុមគ្រូពេទ្យ និងបង្កើនសមត្ថភាពមន្ត្រី បរិក្ខារពេទ្យ រហូតពង្រីកសមាជិកក្រុមគ្រូពេទ្យកើនដល់ ១១៨ នាក់ ស្រី ៥០នាក់។ ទន្ទឹមនឹងនោះយើងក៏បានបំពាក់បរិក្ខារពេទ្យបន្ថែមមានដូចជាៈ
-ម៉ាស៊ីនជំនួយការដកដង្ហើម ១៤គ្រឿង
-ម៉ាស៊ីនថតកាំរស្មី X ២គ្រឿង
-ម៉ាស៊ីនតាមដានសញ្ញាជីវិត ១០គ្រឿង
-Seringue ប្រើចរន្តអគ្គិសនី ៥គ្រឿង
-ម៉ាស៊ីនផលិតអុកស៊ីហ្សែនប្រភេទយួរដៃ ១០គ្រឿង
-ម៉ាស៊ីនផលិតអុកស៊ីហ្សែន ១គ្រឿង
-បំពង់អុកស៊ីហ្សែនមានជាង ៣០០បំពង់
-បំពាក់ម៉ាស៊ីនភ្លើងបន្ថែម ១គ្រឿង
-មន្ទីរពិសោធន៍ មានម៉ាសុីនរកវីរុសកូវីដ-១៩ ចំនួន២គ្រឿង
-ម៉ាស៊ីន Genxpert ៤គ្រឿង ហើយគ្រប់បន្ទប់ព្យាបាលជំងឺកូវីដកំរិតមធ្យម និងធ្ងន់ ត្រូវបានបំពាក់បំពង់បង្ហូរអុកស៊ីហ្សែនផងដែរ ។
នាឱកាសបនោះឯកឧត្តម ឯកឧត្ដម គួច ចំរើន អភិបាលខេត្ដ មានប្រសាសន៍ចូលរួមសោកស្តាយចំពោះគ្រូពេទ្យ កញ្ញា អ៊ុ ស្រីនិ ដែលបានបាត់បង់អាយុជីវិតដោយសារការបំពេញការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ ឯកឧត្ដមបានបន្ថែមថា បច្ចុប្បន្ន ទាំងនេះសរបញ្ជាក់ឱ្យឃើញថាជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ មានការថយចុះដោយសារយើងបានសហការធ្វើការបង្ការ ទប់ស្កាត់បានទាន់ពេលវេលា ។
ឯកឧត្តម បានបន្តថា យើងបានប្រើប្រាស់កម្លាំង សរុបលើគ្រប់មធ្យោបាយ ពិសេសក្រុមគ្រូពេទ្យរបស់យើងបានឆ្លងកាត់ព្យាបាលអ្នកជំងឺកូវីដយ៉ាងច្រើនដោយការទទួលខុសត្រូវ យើងបន្តខិតខំប្រឹងប្រែងបន្តទៀត ក្នុងការព្យាបាលអ្នកជំងឺឱ្យជា សះស្បើយត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងជនបរទេសនៅទូទាំងប្រទេស ហើយវិធានការនេះគឺអាចបង្ការ ទប់ស្កាត់ កាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍យើង ។ ជាការពិតណាស់ក្រុមគ្រូពេទ្យរបស់យើងត្រូវបានប្រជាពលរដ្ឋវាយតម្លៃថា ជាយុវជនជួរមុខ និងជាយុទ្ធជនអាវស ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រឹងប្រែងរកវ៉ាក់សាំង និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ការចាក់វ៉ាក់សាំងបង្កើនភាពស៊ាំជួយកាត់បន្ថយការឆ្លង និងការស្លាប់ និងការដាក់ ចេញនូវវិធានការចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំបន្តទៀត ហើយខេត្តព្រះសីហនុ ជាខេត្តអទិភាព យើងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារនៅថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២១ខាងមុខ ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានថ្លែងអំណគុណក្រុមគ្រូពេទ្យបានបំពេញបេសកកម្មព្យាបាលជំងឺកូវីដ-១៩ តាមរយៈការខិតខំប្រឹងប្រែងព្យាបាលជំងឺកូវីដនេះ ជាគុណសម្បត្តិដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ទោះបីមានការភ័យក្លាយ និងការបារម្មណ៌ករណីឆ្លងកូវីដ ប៉ុន្តែក្រុមគ្រូពេទ្យរបស់យើងនៅតែបន្តសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ និងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ព្រោះកូវីដ-១៩ មិនដឹងពេលណាត្រូវបានបញ្ចប់នោះទេ ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្តនាំយកថវិកាសម្តេចតេជោឧបត្ថម្ភជូនក្រុមគ្រូពេទ្យចំនួន ១១៨នាក់ ក្នុងម្នាក់ ១.២០០.០០០រៀល ៕

អត្ថបទដែលជាប់ទាក់ទង