ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារជំនាញ អាជ្ញាធរជាតិអប្សរា បាន ប្រើប្រាស់ឈើតាត្រាវ យកមកប្រើប្រាស់ក្នុងសំណង់ប្រាសាទបុរាណ និងពិធីសាសនានានា

30

សៀមរាម ៖ តាមរយៈការសិក្សាស្រាវជ្រាវតាំងពីសម័យអង្គរមក គឺបុព្វបុរសខ្មែរយើង បានប្រើឈើតាត្រាវនេះ និងឈើជើងចាប ដើម្បីធ្វើ ជាធ្នឹមទប់លំនឹងថ្ម និងជាពិដានលម្អនៅតាមប្រាសាទបុរាណ និងធ្វើជាគ្រឿងបង្គំសាងសង់វត្តអារាម ឬប្រើប្រាស់សម្រាប់ពិធីបែបសាសនា ជាច្រើន តែមិនត្រូវបានប្រើប្រាស់សម្រាប់សាងសង់លំនៅឋានឡើយ។

បច្ចិប្បន្ននេះ ក្រុមការងារជំនាញអាជ្ញាធរជាតិអប្សរា បានប្រើប្រាស់ឈើតាត្រាវ ដែលជាប្រភេទឈើកម្រមួយ សម្រាប់ការងារជួសជុល គ្រឿងបង្គំ នៅតាមប្រាសាទក្នុងតំបន់ឧទ្យានអង្គរ ដើម្បីបន្តការងារអភិរក្សប្រាសាទបុរាណទុកជាមរតក សម្រាប់មនុស្សជំនាន់ក្រោយ។

លោក ឃាម មុនី មន្ត្រីបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹង នៅថ្ងៃទី១៦ កញ្ញា នេះថា ៖ ឈើតាត្រាវ គឺជាឈើកម្រ ដែល មានលក្ខណៈសាមញ្ញ ក៏ប៉ុន្តែគុណតម្លៃល្អបំផុតគ្មានឈើណាប្រៀបបាន សម្រាប់យកមកជួយក្នុងការកសាងប្រាសាទ បុរាណនានាធ្វើអំពីថ្ម ឱ្យមានភាពគង់វង្សបានយូរអង្វែង។
លោកបន្តទៀតថា បច្ចុប្បន្ននេះ ក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា កំពុងប្រើឈើប្រភេទនេះ ដើម្បីយកមកបំពេញកន្លែងចាស់ដែលបាន ពុកផុយ នៅក្លោងទ្វារតាកាវ និងតាមប្រាសាទនានា ក្នុងឧទ្យានអង្គរដើម្បីលើកតម្លៃសំណង់បុរាណឡើងវិញ។

ក្នុងផ្នែកសាសនា គេប្រើច្រើនណាស់ បានជាយើងយកឈើតាត្រាវមក ឈើតាត្រាវ និងឈើជើងចាប សម្រាប់ធ្វើជាធ្នឹមទប់ ជញ្ជាំងនៃតួប៉មក្លោងទ្វារតាកាវ ដើម្បីកុំឱ្យប្រាសាទងប់ យើងការពារ ព្រោះប្រាសាទខ្មែរយើងធ្វើប្រហោងក្នុង អ៊ីចឹងទប់ធ្វើជាធ្នឹមឈើ ដើម្បីការពារនៃគ្រឿងបង្គំរបស់ប្រាសាទ តួនាទីសំខាន់ណាស់អ៊ីចឹងបានខ្មែរយើង គាត់អត់ចោលទេរឿងគ្រឿងបង្គំឈើ ត្បិតយើងរៀបថ្ម ពិត មែន ប៉ុន្តែត្រូវការគ្រឿងបង្គំឈើលាយជាមួយថ្ម ត្រូវនឹងផ្នែកសាសនា ដែលគិតដែរ គេប្រើក្នុងសាសនាគឺឈើហ្នឹង មានគុណភាពខ្លាំង ណាស់ ដូចឈើជើងចាបអ៊ីចឹង បាន១ពាន់ឆ្នាំដូចគ្នា បើប្រើក្នុងទឹករឹតតែពូកែទៀត ឈើហ្នឹងភាគ ច្រើនគេអត់ដែលយកទៅធ្វើផ្ទះអីទេ ជាពិសេសគេប្រើសម្រាប់សាសនាដូចជាវត្ត ពិសេសទាក់ទងនឹងប្រាសាទ ភាគច្រើននៅតំបន់យើងបើគ្មានជើងចាបគេប្រើឈើហ្នឹង។

សូមបញ្ជាក់ថា៖ ជាយូរលង់មកហើយ នៅតាមវត្ដអារាមជាច្រើនក្នុងប្រទេសកម្ពុជា ក៏គេតែងសង្កេតឃើញមានការយកឈើតាត្រាវ ទៅប្រើប្រាស់លើសំណង់ កសាងព្រះពុទ្ធបដិមា និងយកឈើប្រភេទនេះធ្វើពិធីបូជាផ្នែកសាសនាជាច្រើនផងដែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង