ក្រសួងជំនាញនឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុកដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ ផលិតផលឱសថឈ្មោះ P-Loe Vera និង BONE & JOINT គ្មានលេខបញ្ជិកា
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ហាមឃាត់គណនីហ្វេសប៊ុកឈ្មោះ ឯកទេស សន្លាក់ ក្រពះ ពោះវៀន កំពុងផ្សព្វផ្សាយលក់ផលិតផលឱសថ គ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល ហើយថានឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធទាំងឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ ផលិតផលឱសថឈ្មោះ P-Loe Vera និង BONE & JOINT និងផលិតផលគ្មានលេខបញ្ជិកាផ្សេងៗទៀត ទៅតាមច្បាប់។
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញ លើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ ឯកទេស សន្លាក់ ក្រពះ ពោះវៀន កំពុងផ្សព្វផ្សាយលក់ផលិតផលឱសថ P-Bone & P-Loe Vera និង P- BONE & JOINT គ្មានលេខ បញ្ជិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរផលិតផលឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុង ព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹង ទិញផលិតផលឱសថ ឬផលិតផលបំប៉នសុខភាពគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្របច្ឆិកាដែលមានបិទលើ សំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវគឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណ ឱសថ ២-ផ្នែកខាងក្រោមមានលេខទិដ្ឋាការ ឬបញ្ជិកា ដូចមានភ្ជាប់ជាមួយ។
ក្រសួងសុខាភិបាល សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឈប់ជឿការផ្សព្វផ្សាយផលិតផលឱសថ P-Loe Vera និង P-BONE & JOINT និងផលិតផលគ្មានលេខបញ្ជិកាផ្សេងៗទៀត តាមគណនីបណ្តាញ សង្គមហ្វេសប៊ុកខាងលើ និងឈប់ប្រើប្រាស់ផលិតផលឱសថគ្មានលេខបច្ឆិកាខាងលើជាបន្តទៀត។ ក្រសួងសុខាភិបាលតម្រូវឲ្យម្ចាស់គណនីបណ្ដាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូលចែកចាយ ឬ ផ្សព្វផ្សាយលក់ផលិតផលឱសថP-Loe Vera និង P- BONE & JOINT និងផលិតផលគ្មានលេខបញ្ជិកាផ្សេងៗ ទៀតជាបន្ទាន់។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធទាំងឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ ផលិតផលឱសថឈ្មោះ P-Loe Vera និង BONE & JOINT និងផលិតផលគ្មានលេខបញ្ចិកាផ្សេងៗទៀត ទៅតាមច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ផលិតផលឱសថ P-LS Vera និង BONE & JOINT ខាងលើនេះសូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ៕