ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តព្រះសីហនុ បានកំពុងតែផ្លាស់ប្តូរមុខមាត់ថ្មី ក្នុងប្រតិបត្តិមេត្រីភាព បរិស្ថាន

45

 

ព្រះសីហនុ ៖ «ស្របពេលដែលខេត្តព្រះសីហនុបានកំពុងតែផ្លាស់ប្តូរមុខមាត់ថ្មីការអប់រំបណ្តុះបណ្តាលផ្នត់គំនិត ឥរិយាបទ ក្នុងប្រតិបត្តិមេត្រីភាព បរិស្ថាន គឺជាកត្តាដ៏សំខាន់មួយ ដើម្បីបន្សុីគ្នា សាកសមជាពលរដ្ឋគំរូ ស្ថាប័នគំរូ ក្នុងទីក្រុងស៊ីវិល័យ ស្រស់ស្អាត និងជាទីក្រុងសេដ្ឋកិច្ចពហុបំណង ទីក្រុងឆ្លាត នៃខេត្តព្រះសីហនុ ក្រុងកំពង់សោម » នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ និងពិធីសម្ពោធសួនជីវចម្រុះ«សួនព្រឹទ្ធាចារ្យជុំហ៊ល» និងសួនអំណាន«ព្រឹទ្ធាចារ្យលឹមណៃ» នៅទីតាំងវិទ្យាល័យ ហ៊ុនសែន មិត្តភាពខេត្តព្រះសីហនុ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ក្រោមម្លប់ និងផ្លែផ្កានៃសុខសន្តិភាពដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខិតខំរកបានដោយកំរ បានអនុញាតិអោយជីវភាពប្រជនយើងកាន់តែ រីកចំរើន ការគិតគូរពីគុណភាពជីវិតកាន់តែប្រសើរជាងមុន សេចក្តីត្រូវការ និង ចង់បានបរិស្ថានស្អាត និងបៃតង ដែលផ្តល់ឱកាសដល់ក្រសួងបរិស្ថាន និងស្ថាប័នពាក់ពទ្ធ័បំពេញនូវបំណងប្រាថ្នាដ៏ពិសិដ្ឋនេះ តាមរយៈការលើកកម្ពស់តួនាទីភារកិច្ច និងការផ្ទេរអំណាចទៅកាន់ថ្នាក់ក្រោមជាតិ បំរើជូនប្រជាពលរដ្ឋកាន់តែរហ័សជាមុន ល្អជាងមុន ស្របតាមតំរូវការ ជាក់សែ្តង ការធ្វើប្រតិភូកម្ម ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការការពារធនធានធម្មជាតិ ការអប់រំបរិស្ថាន ការវាយតម្លៃគុណវុឌ្ឍិនីតិបុគ្គល ឬរូបវន្តក្នុងការប្រតិបត្តិមេត្រីភាពល្អ ជាពិសេសការបញ្ចូលកិច្ចការ ងារបរិស្ថានជាចំនុចទី៦ នៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ឯកឧត្តមបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ជ័យលាភី មាសនេះ ជាមោទនភាព និងសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត បុគ្គលិកអប់រំសិក្សា មន្ទីរ ស្ថាប័នជុំវិញខេត្ត និងប្រជាពលរដ្ឋទាំងអស់ ដែលបានរួបរួមគ្នាទាំងកំលាំងកាយ កំលាំងចិត្ត និងធនធាន លេចចេញឡើងនូវសមិទ្ធិផលនាពេលនេះ ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើសូមអោយថ្នាក់ដឹកនាំ និងសហការីអប់រំសិក្សា ខេត្តព្រះសីហនុបន្ត និងជម្រុញការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញធុរកិច្ច ដើម្បីឲ្យបងប្អូនយើងជាពិសេសប្រជាពលរដ្ឋក្នុងខេត្តអាចទាញយកនូវសក្តានុពល ពីសេដ្ឋកិច្ចពហុបំណងនៅទីនេះបានកាន់តែច្រើន។

ឯកឧត្តម ជួប ប៉ារីស អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងពត៌មានបរិស្ថាន បានរាយការណ៍ជូនអង្គពិធីថា ឆ្នាំ២០២១ ជាឆ្នាំប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ដែលប្រារព្ធធ្វើជារៀងរាល់ពីរឆ្នាំម្តង កម្មវិធីនេះចាប់ផ្តើមរៀបចំតាំងពីឆ្នាំ២០១៧មក ដើម្បីលើកកម្ពស់ប្រតិបត្តិមេត្រីបរិស្ថានសំដៅចូលរួមការអភិវឌ្ឍប្រកបដោយចីរភាព។ ជាលទ្ធផលសាលាបឋមសិក្សាចំនួន៦ និងវិទ្យាល័យចំនួន៦ ត្រូវបានជ្រើសរើសជាសាលាមេត្រីជ័យលាភីសម្រាប់ឆ្នាំ២០២១នេះ ក្នុងនោះ៖
-ជ័យលាភីមាស បានទៅវិទ្យាល័យហ៊ុនសែន មិត្តភាព ខេត្តព្រះសីហនុ
-ជ័យលាភីប្រាក់ បានទៅវិទ្យាល័យហ៊ុន សែន សម្ភុបុរៈ ខេត្តក្រចេះ
-ជ័យលាភីសំរិទ្ធ បានទៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហនុ ខេត្តកំពង់ឆ្នាំង។
ដោយឡែកជ័យលាភីសាលាបឋមសិក្សា៖
-ជ័យលាភីមាស បានទៅសាលាបឋមសិក្សាវត្តចែង ខេត្តបាត់ដំបង
-ជ័យលាភីប្រាក់ បានទៅសាលាបឋមសិក្សាក្រវ៉ាន់ ខេត្តសៀមរាប
-ជ័យលាភីសំរឹទ្ធ បានទៅសាលាបឋមសិក្សាឈើខ្លឹម ខេត្តត្បូងឃ្មុំ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា នៅវិទ្យាល័យហ៊ុន សែន មិត្តភាព ដែលបានខិតខំប្រឹងប្រែងថែរក្សាការពារបរិស្ថានរហូតទទួលបានជ័យលាភីសាលាមេត្រីបរិស្ថានឆ្នាំ២០២១ ជ័យលាភីមាស ពីក្រសួងបរិស្ថាន លើការបញ្ជ្រាបចំណេះដឹង ការផ្លាស់ប្ដូរផ្នត់គំនិត ការលើកកម្ពស់ស្មារតីស្រលាញ់បរិស្ថាន និងជំរុញប្រតិបត្តិការមេត្រីភាពបរិស្ថាន សំដៅគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប មាននិរន្តរភាព និងការរស់នៅដោយចីរភាព ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម សាយ សំអាល់ និងឯកឧត្ដម គួច ចំរើន បានអញ្ជើញកាត់ខ្សែបូសម្ពោធ សួនជីវ:ចម្រុះ សួនព្រឹទ្ធាចារ្យ ជុំ ហ៊ល សួនអំណានព្រឹទ្ធាចារ្យ លឹម ណៃ និងតារាងប៉េតង់ ស្ថិត ក្នុងបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព៕

អត្ថបទដែលជាប់ទាក់ទង