ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ ឱ វណ្ណឌីន បន្ដនាំយកថវិការបស់សម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនដល់លោកតា លោកយាយ មានអាយុ ជាង ១០០ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តរតនគិរី

207

 

រតនគិរី ៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានបន្តនាំយកអំណោយដ៏សប្បុរសរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកតា កាយិន តាម៉ង ជនជាតិដេីមភាគតិច គ្រឹង មានអាយុ ១០៤ឆ្នាំ រស់នៅភូមិចាអ៊ុងចាន់ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី និងលោកយាយ ទៀង យ៉ាល ជនជាតិដេីមភាគតិចគ្រឹង មានអាយុ ១០២ឆ្នាំ រស់នៅភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនលោកតា លោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់លោកតា និងលោកយាយ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។

ក្នុងឱកាសនោះដែរ លោកតា លោកយាយ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ និងបង្ការទប់ស្កាត់ជំងឺកូវីដ១៩។

សូមបញ្ជាក់ផងដែរថា លោកតា លោកយាយដែលទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះរួមមាន ៖ ថវិកាចំនួន៣លានរៀល និងសម្ភារៈជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង