ក្រុមហ៊ុន Microsoft បានដាក់ចេញការធ្វើបច្ចុប្បន្នភាពថ្មី ដែលកែតម្រូវកំហុសឆ្គងចំនួន៦០
ភ្នំពេញ ៖ កាលពីថ្ងៃអង្គារនេះ ក្រុមហ៊ុន Microsoft ទើបតែដាក់ចេញការធ្វើបច្ចុប្បន្នភាពប្រចាំខែកញ្ញា របស់ពួកគេដែលគេនិយមហៅឈ្មោះថា Patch Tuesday។ សម្រាប់ការធ្វើបច្ចុប្បន្នភាពខែនេះ ក្រុមហ៊ុនបានធ្វើការកែសម្រួលភាពចន្លោះប្រហោងចំនួន ៦០ ដែលរួមមាន បញ្ហាទាក់ទងទៅនឹង Remote Code Execution ដែលអាចឱ្យជនខិលខូចវាយលុកកុំព្យូទ័រអ្នកប្រើប្រាស់ពីចម្ងាយបាន។ នេះបើតាមការផ្សាយព័ត៌មាន របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។
ប្រភពដដែល បានបន្តថា កម្មវិធីដែលមានភាពប៉ះពាល់ក្នុងការធ្វើបច្ចុប្បន្នភាពនេះមានរួមមានកម្មវិធី Azure Open Management Infrastructure, Azure Sphere, Office Excel, PowerPoint, Word, and Access; the kernel, Visual Studio, Microsoft Windows DNS និង BitLocker។
គួរបញ្ជាក់ផងដែរថា ក្នុងការធ្វើបច្ចុប្បន្នភាពនេះ ក្រុមហ៊ុនក៏បានធ្វើការកែសម្រួលភាពចន្លោះប្រហោងដែលមានលេខសម្គាល់ CVE-2021-40444 ដែលនាយកដ្ឋានបានផ្សព្វផ្សាយកាលពីសប្តាហ៍កន្លងទៅ។ ទាក់ទងទៅនឹងបញ្ហានេះក្រុមហ៊ុន Microsoft បានផ្សព្វផ្សាយព្រមានអ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការវាយប្រហារតាមរយៈឯកសារប្រភេទ .DOCX ដែលអាចឱ្យជនខិលខូចជ្រៀតចូលទៅក្នុងកុំព្យូទ័ររបស់អ្នកប្រើប្រាស់បានពីចម្ងាយ។
ដើម្បីការពារសុវត្ថិភាពក្នុងការប្រើប្រាស់កុំព្យូទ័ររបស់លោកអ្នក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យអ្នកប្រើប្រាស់ទាំងអស់ធ្វើបច្ចុប្បន្នភាពទៅលើកុំព្យូទ័ររបស់ខ្លួនឱ្យបានឆាប់រហ័ស ដើម្បីចៀសវាងពីការវាយប្រហារផ្សេងៗ៕