ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពានដែកបាឡេត៍ កម្រាលឈើថ្មី ២៤ម៉ែត្រ នៅភូមិក្បាលខ្លា បានសម្ពោធដាក់អោយប្រើប្រាស់ហើយនៅថ្ងៃនេះ

215

ព្រះវិហារ៖ ស្ពានដែកបាឡេត៍ កម្រាលឈើថ្មី ប្រវែង ២៤ម៉ែត្រ ស្ថិតនៅភូមិក្បាលខ្លា(ក្រពើប្រាំ) ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការហើយ ដើម្បីដាក់អោយបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរងាយស្រួល ក្នុងការដឹកកសិផលផ្សេងៗ ។
ពិធីសម្ពោធនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៩ កញ្ញានេះ ក្រោមអភិបតីភាពដ៏ខ្ពង់ខ្ពស់ លោក មាស សុភា ទេស​រដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជ​រដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ អភិបាល ខេត្តព្រះវិហារ និងលោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មីនិងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ

លោក សំ លាងទ្រី បានអោយដឹងថា៖ ការសាងសង់ស្ពានដែក និងការសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារនេះ ត្រូវបានសាងសង់ឡើងជាស្ពានដែកបេឡេត៍កម្រាលឈើមានប្រវែងសរុប ២៤ម៉ែត្រ ទទឹងប្រវែង ៤.២ម៉ែត្រ ឆ្លងកាត់អូរតានុប ស្ថិតក្នុងភូមិក្បាលខ្លា(ក្រពើប្រាំ) ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ដោយចាប់ផ្តើម សាងសង់ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ និងបានសម្ពោធដាក់អោយប្រើប្រាស់នៅថ្ងៃទី១៩ កញ្ញានេះ។
លោក សំ លាងទ្រី បានបន្តទៀតថា ស្ពាននេះបាន
ផ្តួចផ្តើម និងដឹកនាំសាងសង់ដោយ ប្រធានក្រុមការងារគណបក្សចុះជួយខេត្តព្រះវិហារ ប្រធានគណបក្សខេត្ត និងអនុវត្តសាងសង់ដោយក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលជាការចូលរួមពីសប្បុរសជនផងដែរ ក្នុងនោះរួមមាន៖
ដែកស្ពាន ចូលរួមឧបត្ថម្ភពីសំណាក់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ឈើកំរាលស្ពាន និងសសរស្ពានចូលរួមឧបត្ថម្ភពីសំណាក់ លោក ទេសរដ្ឋមន្ត្រី មាស សុភា សមាជិក គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ និង លោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារនិងជាអភិបាលខេត្តព្រះវិហារ ។ ការកៀសម្រួលផ្លូវ និងកាយប្រឡាយ ចូលរួមឧបត្ថម្ភពីរូបលោក ក្នុងនោះក៏មាន ការចូលរួមជាកម្លាំងពីរដ្ឋបាលឃុំភ្នំត្បែងមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ និងកម្លាំងប្រជាពលរដ្ឋផងដែវ)។
លោកសំ លាងទ្រី បានបញ្ជាក់ថា ក្រោមការសម្ពោធ ស្ពាននេះ ក្រុមការងារបានប្រគល់ទៅអោយអាជ្ញាធរ ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដើម្បីប្រើប្រាស់និងថែរក្សា ទុកជាសម្បត្តិសាធារណៈ៕

 

អត្ថបទដែលជាប់ទាក់ទង