ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកផ្លូវឱ្យមានការវិនិយោគ ដី​គម្រប​ព្រៃឈើ ពីសំណាក់វិស័យឯកជន ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ

71

 

សៀមរាប ៖ ដី​គម្រប​ព្រៃឈើ​ចំនួន​១៧២​ហិកតា ​នៅ​ភូមិ​ចំនួន​២ ​និង​ឃុំ​ចំនួន​២ ​ក្នុង​ស្រុក​បន្ទាយស្រី ​ខេត្ត​សៀមរាប​ ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ទៅ​ឱ្យ​ក្រុមហ៊ុន​ លោក​ ឡេង ណាវ៉ាត្រា ​ដើម្បី​អភិវឌ្ឍន៍​គម្រោង​ដី​ឡូត៍​។ ការ​សម្រេច​នេះ​ធ្វើ​ឡើង​ តាម​រយៈ​អនុក្រឹត​លេខ​ ១២០​អនក្រ.បក ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ទី​២៣​ កក្កដា ​ឆ្នាំ​២០២១​។

​ លោក​ ឃឹម ហ្វីណង់ ​អភិបាល​ស្រុក​បន្ទាយស្រី ​បាន​សរសេរសារនៅលើផេកហ្វេសប៊ុកនៅ​ថ្ងៃ​អាទិត្យ ​ទី​១៩​កញ្ញា​ ឆ្នាំ២០២១នេះថា ​ដី​គម្រប​ព្រៃនេះ​​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ចូល​កាន់​កាប់​អាស្រ័យ​ផល ​និង​តាំង​ទីលំនៅ ​ចាប់​តាំង​ពី​ដើមឆ្នាំ​២០០០​មក​ម្ល៉េះ។​ ហើយ​បច្ចុប្បន្ន ​ទីតាំង​ដី​ក៏​លែង​មាន​ព្រៃឈើ​អ្វី​ទៀត​នោះ​ដែរ​។

​អភិបាល​ស្រុក​បន្ទាយស្រី បានបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះមានការលើកយកប្រធានបទ ស្តីពីការធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋ នៅក្នុងស្រុកបន្ទាយស្រី ពីសំណាក់បណ្តាសារព័ត៌មានក្នុងស្រុកមួយចំនួន ភាគច្រើនក្រោមចំណងជើងថា ”រាជរដ្ឋាភិបាលកាត់ដីគម្របព្រៃឈើជិត២០០ហិកតា នៅស្រុកបន្ទាយស្រីឱ្យទៅអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា”។ ការប្រើប្រាស់ចំណងជើងបែបនេះ អាចបណ្តាលឱ្យសាធារណៈជនមានការភ័ន្តច្រលំ និងបកស្រាយខុស ដូច្នេះហើយទើបខ្ញុំសុំយកឱកាសនេះស្រាយបំភ្លឺឱ្យបានច្បាស់លាស់បន្តិច។

​ លោក​ ឃឹម ហ្វីណង់ ​បានលើកឡើងថា ការធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋឱ្យទៅជាដីឯកជនរបស់រដ្ឋ ហើយធ្វើប្រទានកម្មផ្តល់ជាកម្មសិទ្ធិស្របច្បាប់ ជូនប្រជាពលរដ្ឋណាមួយ មិនមែនជាការយកដីដែលនៅមានព្រៃឈើ ឬយកដីដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋនៅឡើយ ទៅកាត់ឆ្វៀលជូនអ្នកស្នើសុំនោះទេ។ គោលនយោបាយលើបញ្ហាដីធ្លី របស់រាជរដ្ឋាភិបាល តែងធ្វើការកាត់ឆ្វៀលដីរដ្ឋដែលលែងមានព្រៃឈើ និងត្រូវបានប្រជាពលរដ្ឋរស់នៅ កាន់កាប់អាស្រ័យជាក់ស្តែងផលយូរមកហើយ ដើម្បីផ្តល់កម្មសិទ្ធិរឹងម៊ាំជូនពួកគាត់អាច យកទៅចាត់ចែងបានពេញលេញ ដូចដែលធ្លាប់បានឃើញកាលពីបទបញ្ជាលេខ០១ និងការលើកឡើងសារជាថ្មីម្តងទៀត របស់សម្តេចនាយករដ្ឋមន្ត្រី នៅក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ កាលពីថ្ងៃទី ៣ កក្កដា ២០២០ផងដែរ។ ដីទាំងនេះសុទ្ធសឹងតែជាដី ដែលត្រូវបានបងប្អូនប្រជាពលរដ្ឋ កាន់កាប់អាស្រ័យផលជាក់ស្តែង អស់រយៈកាលដប់ម្ភៃឆ្នាំរួចមកហើយ ដោយមានអាជ្ញាធរមូលដ្ឋាន បានដឹងលឺ ហើយក៏មិនមែនជាដីព្រៃ ដែលត្រូវការពារអភិរក្ស ដីទំនេរដែលរដ្ឋអាចដាំដើមឈើឡើងវិញ ឬដីដែលរដ្ឋអាចយកមកគ្រប់គ្រងឡើងវិញនោះដែរ។

លោកបានបន្តថា ការធ្វើអនុបយោគលើដីរដ្ឋទាំងនេះ គ្រាន់តែបន្ថែមភាពស្របច្បាប់ទៅលើអ្វី ដែលពួកគាត់បានកាន់កាប់ច្រើនឆ្នាំរួចហើយតែប៉ុណ្ណោះ ដោយហេតុថា ផែនទីគម្របព្រៃឈើ ដែលនៅមានសុពលភាពនៅឡើយនោះ ត្រូវបានធ្វើឡើងតាំងពីឆ្នាំ២០០២មកម្ល៉េះ ជៀសមិនផុតពីការធ្វើបច្ចុប្បន្នភាព ឱ្យបានសមស្របទៅនឹងស្ថានភាពជាក់ស្តែងនោះទេ។ ការកាត់ឆ្វៀលដីរដ្ឋនេះទៀតសោត ក៏មិនមែនធ្វើឡើងសម្រាប់ តែបុគ្គលណាម្នាក់នោះដែរ កន្លងមកក៏មានដីសាធារណៈរបស់រដ្ឋ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវបានកាត់ឆ្វៀល និងផ្តល់កម្មសិទ្ធិជូនជាបន្តបន្តាប់រួចមកហើយដែរ។

រហូតមកដល់ពេលនេះ នៅសល់ដីរដ្ឋជាង៥០០០ក្បាលដីទៀត នៅក្នុងស្រុកបន្ទាយស្រី ដែលត្រូវបានកំណត់អត្តសញ្ញាណ ស្រង់ទិន្នន័យ និងគ្រោងដាក់ស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីពិនិត្យសម្រេច និងធ្វើការកាត់ឆ្វៀលចេញពីគម្របព្រៃឈើឆ្នាំ២០០២ផងដែរ ប្រសិនបើមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ សូមបញ្ជាក់ថា ដីដែលជាគោលដៅកាត់ឆ្វៀលដាច់ខាត ត្រូវតែជាដីដែលបានកាន់កាប់អាស្រ័យផល យូរមកហើយ មានឯកសារបញ្ជាក់ច្បាស់លាស់ មិនមានព្រៃឈើ និងមិនត្រូវជាដីដែលមានកំពុងមានវិវាទនោះទេ។ ដីរដ្ឋដែលត្រូវបានទន្ទ្រានយកថ្មីៗ ឬរំលោភយកមកដោយខុសច្បាប់ មិនអាចដាក់ស្នើសុំកាត់ឆ្វៀលឡើយ។

លោកបានថ្លែងថា ការផ្តល់កម្មសិទ្ធិស្របច្បាប់ទៅលើដី ដែលប្រជាពលរដ្ឋបានកាន់កាប់អាស្រ័យផល យូររួចមកហើយ មានសារៈសំខាន់បំផុត សម្រាប់ការអភិវឌ្ឍមូលដ្ឋាន ដូចជាស្រុកបន្ទាយស្រី ព្រោះវានឹងធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ផ្តល់ភាពច្បាស់លាស់ និងមូលដ្ឋានច្បាប់រឹងមាំជូនដល់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ដីធ្លីរបស់ខ្លួនជាទ្រព្យ ដ៏មានតម្លៃឱ្យអស់សក្តានុពល និងបើកផ្លូវឱ្យមានការវិនិយោគ ពីសំណាក់វិស័យឯកជន ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង