ការប្រកួតកីឡាបាល់ទះពានរង្វាន់ Special Volleyball Challenge គ្រោងបើកដំណើរផ្លូវការនាបាល់ទះ
ភ្នំពេញ៖ការប្រកួតកីឡាបាល់ទះពានរង្វាន់ Special Volleyball Challenge 2021 គ្រោងដំណើរការពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅទីលានបាល់ទះកីឡដ្ឋានព្រីនស៍ម្ដុំហ្គេ្រនភ្នំពេញដើម្បីបញ្ជាក់ពីគោលបំណងនៃការរៀបចំក៏ដូចជាការដំណើរការនៃការប្រកួតក្រោមការសហការសហព័ន្ធកីឡាបាល់ទះកម្ពុជា។
លោកបណ្ឌិត អាំង សេរីពិសិដ្ឋ ប្រធានគណៈកម្មការរៀបចំការប្រកួតបានលើកឡើងថា យើងទទួលបានការអនុញ្ញាតពីសហព័ន្ធកីឡាបាល់ទះកម្ពុជាឲ្យរៀបចំការប្រកួតនេះឡើងក្នុងគោលបំណងដកស្រង់បច្ចេកទេសថ្មីៗ និងផ្ដល់ឱកាសឲ្យកីឡាករបានហ្វឹកហាត់កន្លងមកបានបង្ហាញសមត្ថភាពរៀងៗខ្លួន។ មួយវិញទៀតចង់បំផុតការគាំទ្រពីមហាជន ព្រោះការប្រកួតក្រៅប្រព័ន្ធកន្លងមកមិនទាន់មានការរៀបចំស្តង់ដារត្រឹមត្រូវ។ ដូច្នេះហើយទើបយើងកំណត់ជាគោលការណ៍និងស្តង់ដារមួយឱ្យសមស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវវិញ។ ជាមួយគ្នានេះការរៀបចំការប្រកួតនេះគឺដើម្បីរិតចំណងមិត្តភាព សាមគ្គីភាព រវាងកីឡាករ គ្រូបង្វឹកនិងថ្នាក់ដឹកនាំក្រុមនានា។
លោកបណ្ឌិតបន្តថា យើងបានដឹងហើយ មេរោគCOVID-19 ជារឿងសំខាន់ដូចដែរប្រមុខរាជរដ្ឋាភិបាល បានដុតដៃដុតជើងក្នុងការបង្ការជំងឺមួយនេះ។ ទន្ទឹមនឹងនេះគណៈកម្មការរបស់យើងបានរៀបចំតាមបច្ចេកទេសខ្ពស់បំផុត ហើយអាចជាចំណែកមួយដែលយើងរៀបចំការប្រកួតលក្ខណៈ៤ទល់៤ នេះឡើង ហើយអាចកាត់បន្ថយចំនួនកីឡានៅក្នុងទីលានប្រកួត។ ម្ខាងលេខបាន៤នាក់ បូកគ្រូបង្វឹក១រូប កីឡាករបម្រុង២រូបទៀត និងគណៈកម្មការបច្ចេកទេសខ្លះគឺស្របតាមការកំណត់របស់វិធានសុខាភិបាល។
លោកបន្ថែមថា៖ គ្រប់ក្រុមដែលដាក់ពាក្យគឺតម្រូវឲ្យតេស្តិ៍រកមេរោគCOVID-19 ជាមុនសិន បន្ទាប់មកមុនការប្រកួត២ថ្ងៃគឺយើងធ្វើតេស្តិ៍ម្តងទៀត ចុងក្រោយនៅថ្ងៃប្រកួតពេលកីឡាករនិងប្រតិភូមកដល់គឺយើងធ្វើតេស្តម្តងទៀត ទោះបីជាមិនល្អឥតខ្ចោះ តែយើងបានរៀបចំក្នុងការការពារខ្ពស់។
លោក ទែន ឡន នាយកបច្ចេកទេស បានបញ្ជាក់ថា យើងសង្ឃឹមថាកីឡាករលេងត្រូវតាមបច្ចេកទេសកីឡាបាល់ទះឡើងវិញ ព្រោះកន្លងមកមានការចាប់បោះ ដែលធ្វើឲ្យខុសស្តង់ដារ។ ការលេង៤ស្មើនេះ ក្នុងការអភិវឌ្ឍន៍បច្ចេកទេស យើងរំពឹងថាតួរនាទីកីឡាករដែលលេងប្រយុទ្ធ គាត់បន្ថែមការងារមួយទៀតជាអ្នកទទួលសេវា។ បើលេង៦ស្មើ ពេលខ្លះគាត់មិនទាន់ទទួលសេវាម្តងផង។
ចំណែកការប្រកួតពានរង្វាន់បាល់ទះ Special Volleyball Challenge 2021 គ្រោងដំណើរការពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅទីលានកីឡដ្ឋានព្រីនស៍។ ក្រុមដែលឈ្នះជើងឯកនឹងទទួលបានពាន ចំនួនមួយ និងថវិកាចំនួន ១០លានរៀល ហើយក្រុមជើងឯករងទទួលបានថវិកា៨លានរៀល និងក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបាន៦លានរៀល។ ជាមួយគ្នានេះដែរក៏មានពានរង្វាន់ឯកត្តជនផងដែរ ដូចជាកីឡាករវាយប្រយុទ្ធល្អជាងគេ, កីឡាករធ្វើរនាំងល្អជាងគេ, កីឡាករវាយសេវាល្អជាងគេ និងកីឡាករលើកបាល់ល្អជាងគេ ទទួលរង្វាន់ជាថវិកាម្នាក់ ចំនួន ៤សែនរៀល៕