រាជរដ្ឋាភិបាល មានឆន្ទៈក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាប លើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
ភ្នំពេញ៖ នាល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិកាអន្តរសាសនាថ្នាក់ជាតិ នៅកម្ពុជាលើកទី២ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅមជ្ឈមណ្ឌលសន្និបាត និងពិពិព័រណ៍កោះពេជ្រ។
តាមរយៈការវាយតម្លៃប្រចាំឆ្នាំ អំពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សលើពិភពលោកនោះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្ដល់ចំណាត់ថ្នាក់លេខ២ ជូនប្រទេសកម្ពុជា ដែលគ្មានការជួញដូរមនុស្សនៅលើពិភពលោក ខណៈរាជរដ្ឋាភិបាលមានឆន្ទៈយ៉ាងពិតប្រាកដ ដើម្បីទប់ស្កាត់ និងបង្ក្រាបឲ្យបានទាំងស្រុង។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា តាមការវាយតម្លៃប្រចាំឆ្នាំ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក កម្ពុជាមិនដែលធ្លាក់ដល់ លេខ៣នោះទេ ប៉ុន្តែឥឡូវនេះបានឈរនៅលេខ២នេះ ប៉ុន្មានឆ្នាំមកនេះ ពីឆ្នាំ បីឆ្នាំចុងក្រោយនេះ ដែលនេះជាមោទកភាពរបស់យើងដែរ ហើយប្រហែលជាយើងខិតខំ ប៉ុន្ដែមិនទាន់ដឹងថាប៉ុន្មានឆ្នាំទៀត ទើបបានលេខ១នោះទេ។
សម្តេចក្រឡាហោម បានមានប្រសាសន៍ថា ចំណាត់ថ្នាក់លេខរៀងនេះ សម្រាប់ចំណាត់ថ្នាក់លេខ១ គឺជាប្រទេសដែលគ្មានអំពើជួញដូរមនុស្ស សម្រាប់ចំណាត់ថ្នាក់លេខ២ គឺជាប្រទេសដែលមានការជួញដូរមនុស្សតិចតួច ហើយរាជរដ្ឋាភិបាល មានឆន្ទៈក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាប និងសម្រាប់ចំណាត់ថ្នាក់លេខ៣ គឺជាប្រទេសដែលមានការជួញដូរមនុស្ស ហើយរដ្ឋាភិបាលគ្មានឆន្ទៈ ក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាប។ សម្រាប់ការវាយតម្លៃនេះ គឺជាមុខមាត់ប្រទេសកម្ពុជា ហើយកាលណាដែលកម្ពុជា ប្រឆាំងការជួញដូរមនុស្សបានខ្លាំងក្លា នោះគេចាត់ទុកថា កម្ពុជា ជាប្រទេសមួយដែលបានផ្ដល់តម្លៃជីវិតមនុស្ស ហើយអ្វីៗនឹងអភិវឌ្ឍន៍បន្ថែមទៀត ដែលនេះជាលក្ខខណៈមួយ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ វាត្រូវតែមានការចូលរួម និងការគាំទ្រពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដូច្នេះវេទិកាអន្ដរសាសនាថ្នាក់ជាតិនៅកម្ពុជា លើកទី២នេះ គឺពិតជាមានសារសំខាន់ណាស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដែលកំពុងតែកើតមានជាបន្ដបន្ទាប់ ចំពោះប្រជាជនកម្ពុជា និងមនុស្សជាតិគួរឲ្យបារម្ភ៕