ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចពិជ័យសេនា ទៀ បាញ់ ចេញសារាចរណែនាំ៥ចំណុចអំពីការអនុវត្តវិធានការប្រមូលពន្ធ និងប្ដូរចង្កូតពីស្ដាំមកឆ្វេង លើរថយន្តដែលកំពុងប្រើប្រាស់ស្លាកលេខ ខ.ម

226

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសារាចរណែនាំចំនួន០៥ចំណុច ស្ដីពីការអនុវត្តវិធានការប្រមូលពន្ធ និងប្ដូរចង្កូតពីស្ដាំមកឆ្វេងលើ យានយន្តគ្រប់ប្រភេទ ដែលកំពុងប្រើប្រាស់ស្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម)។ នេះបើតាមសារចរណ៍ណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្រសួងការពារជាតិ ដាក់ចេញនូវសារាចរណែនាំដែលមានខ្លឹមសារដូចខាងក្រោម៖

ទី១៖ បណ្តាស្ថាប័នកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តឱ្យបានល្អប្រសើរ និងម៉ឹងម៉ាត់ចំពោះវិធានការរាជរដ្ឋាភិបាលស្តី អំពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ គ្រប់ប្រភេទប្រចាំឆ្នាំ២០២១ ជាលើកចុងក្រោយ ចំពោះយានយន្តឯកជនដែលជ្រកក្រោម ស្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម) ដើម្បីឱ្យម្ចាស់ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របច្បាប់ និងបទប្បញ្ញត្តិស្តីពីគយ។

ទី២៖ អនុវត្តការប្តូរចង្កូតពីស្ដាំមកឆ្វេងឱ្យបានទាន់ពេលវេលាកំណត់យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

ទី៣៖ ការចុះបញ្ជីអនុញ្ញាតឱ្យប្រើប្រាស់ស្លាកលេខ ខ.ម អាចដំណើរការបានចំពោះយានយន្តដូចខាងក្រោម៖

*យានយន្តដែលរដ្ឋបំពាក់
*យានយន្តដែលទទួលបានពីបណ្តាប្រទេសផ្តល់ជំនួយ
*យានយន្ដជាអំណោយពីសប្បុរសជន ដែលបានបំពេញកាតព្វកិច្ចពន្ធរួចរាល់
*យានយន្តកម្មសិទ្ធរបស់រដ្ឋដែលអស់ប្រសិទ្ធភាពប្រើប្រាស់ ហើយត្រូវកែរច្នៃរៀបតម្លើងសារជាថ្មី
*យានយន្តដែលទទួលបានពីការសម្រេចរបស់តុលាការ យានយន្តដែលនាយទាហានប្រើប្រាស់ធនធានផ្ទាល់ខ្លួនទិញដាក់បញ្ចូលក្នុងក្របខណ្ឌរដ្ឋដោយបានបំពេញកាតព្វពន្ធរួចរាល់។

ទី៤៖ ចំពោះយានយន្តឯកជនពាក់ស្លាកលេខ ខ.ម ហើយបានទៅបំពេញកាតព្វកិច្ចពន្ធតាមសេចក្ដី ជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រសួងការពារជាតិនឹងរក្សាទុកឱ្យប្រើប្រាស់ជាធម្មតា។ ក្នុងករណីយានយន្តឯកជនពាក់ស្លាកលេខ ខ.ម ហើយមិនបានទៅបំពេញកាតព្វកិច្ចពន្ធតាមសេចក្ដី ជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រសួងការពារជាតិនឹងធ្វើការនិរាករណ៍ស្លាកលេខ ដែលបានបំពាក់កន្លងមកដោយស្វ័យប្រវត្តិ។

ទី៥៖ អគ្គនាយកដ្ឋានយោធសេវាសហការជាមួយស្ថាប័នកងយោធពលខេមរភូមិន្ទ រៀបចំឯកសារ និងកម្មវិធីធ្វើការចុះផ្សព្វផ្សាយអប់រំណែនាំ ឱ្យស៊ីជម្រៅដល់បណ្តាអង្គភាពទូទាំងកងយោធពលខេមរភូមិន្ទ៕

អត្ថបទដែលជាប់ទាក់ទង