បើកបរខ្វះការប្រុងប្រយ័ត្ន បង្កគ្រោះថ្នាក់ចរាចរ រវាងម៉ូតូនិងរថយន្ត បណ្ដាលឲ្យបុរសម្នាក់ស្លាប់
កណ្ដាលៈ មានគ្រោះថ្នាក់ចរាចរមួយរវាងម៉ូតូនិងរថយន្ត បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅត្រង់ចំណុចផ្លូវលំបំបែកជាបួន (ផ្លូវរទេះភ្លើងចាស់) ស្ថិតនៅភូមិត្រពាំងទួល ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ វ៉ិត ផល ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ ត្រពាំងក្រឡាញ់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1J-0545 ។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ធុនធំ ប្រភេទរថយន្តបែន ពាក់ស្លាកលេខភ្នំពេញ 3C-0056អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្តខាងលើបើកដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែកជាបួន ក៏មានម៉ូតូមួយគ្រឿងទៀតជិះដោយជនរងគ្រោះខាងលើ ធ្វើដំណើរដោយល្បឿនលឿន អកហ្ស៊័រជាមួយនឹងរថយន្ត ក៏ចាប់ហ្រ្វាំង បណ្ដាលឲ្យដួលខ្ទាតចូលទៅក្រោមកង់រថយន្តផ្នែកខាងមុខ ត្រូវរថយន្តកិនស្លាប់ភ្លាមៗតែម្ដង ។ ចំណែកឯអ្នកបើកបររថយន្ត បានទុករថយន្តរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញបានចុះធ្វើការពិនិត្យ វាស់វែងកន្លែងកើតហេតុ រួចកសាងឯកសារដកហូតយកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំពោះសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្ត បើកក្នុងល្បឿនលឿននៅផ្លូវបំបែក ខ្វះការប្រុងប្រយ័ត្ន ។ ចំណែកម៉ូតូបើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន មិនមើលអំពីស្ថានភាពផ្លូវ ៕