ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីទេសចរណ៍៖ សប្តាហ៍ទី៣នៃខែកញ្ញា មានភ្ញៀវទេសចរដើរលេងជិត៨ម៉ឺននាក់

70

 

ភ្នំពេញ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្ហាញពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុង នាសប្តាហ៍ទី៣នៃខែកញ្ញា (ថ្ងៃទី១៨-១៩) គឺទទួលបានភ្ញៀវសរុប ៧៩,០១៥ នាក់ ក្នុងនោះភ្ញៀវជាតិ ៧៧,៨០៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,២១១ នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ៖ ២៣,១៩៣ នាក់ ខេត្តកំពត៖ ២២,៤៣៨ នាក់ ខេត្តកែប៖ ៨,១៤៤ នាក់ ខេត្តព្រះសីហនុ៖ ៥,០៦៧ នាក់ និង ខេត្តពោធិ៍សាត់៖ ៤,៥៧៣ នាក់។

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា តួលេខនេះបន្តកើនឡើងប្រមាណ ២០% ធៀបនឹងសប្តាហ៍កន្លងមក ដែលជាសញ្ញាកាន់តែវិជ្ជមាននៃចលនាទេសចរណ៍ផ្ទៃក្នុង។ ប៉ុន្តែទន្ទឹមនឹងនេះ គោលដោទេសចរណ៍នៅតាមខេត្តមួយចំនួន នៅបន្តផ្អាកសកម្មភាពតាមរយៈការបន្តដាក់ចេញវិធានការរដ្ឋបាលដាច់ដោយឡែកក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ដូចជាខេត្តសៀមរាប និងខេត្តបាត់ដំបងជាដើម។

ឯកឧត្ដមបានបន្តទៀតថា តំបន់ឆ្នេរសមុទ្រនៃខេត្តកំពត កែប និងព្រះសីហនុ រួមជាមួយតំបន់អេកូទេសចរណ៍ ដូចជាតំបន់ភ្នំខ្នងផ្សារក្នុងខេត្តកំពង់ស្ពឺ និងតំបន់ភ្នំ១៥០០ និងផ្លូវបុប្ផាលាក់ខ្លួនក្នុងស្រុកវាលវែងក្នុងខេត្តពោធិសាត់ជាដើម គឺជាគោលដៅពេញនិយម និងទទួលបានភ្ញៀវទេសចរច្រើនក្នុងសប្តាហ៍កន្លងមក។

បើតាមឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន មន្ទីរទេសចរណ៍បានកំពុងខិតខំជំរុញការអនុវត្តយ៉ាងសកម្មនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាអប្បបរមា (SOP) ដែលក្រសួងទេសចរណ៍បានដាក់ឲ្យអនុវត្តកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១កន្លងមក ដើម្បីធានាការបើកដំណើរការមូលដ្ឋានអាជីវកម្មក្នុងគន្លងប្រក្រតីភាពថ្មី ពិសេសជម្រុញចលនាទេសចរណ៍ផ្ទៃក្នុងនាឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងត្រៀមលក្ខណៈទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង