ប៉ូលិសរាជធានីភ្នំពេញនិង ប្រើប្រាស់កម្លាំងជិត២០០០នាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ នៅក្នុងរាជធានីក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ
ភ្នំពេញ៖ សមត្ថកិច្ចប៉ូលិសរាជធានីភ្នំពេញនិងប្រើប្រាស់កម្លាំងជិត២០០០នាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ នៅក្នុងរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលនឹងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃខាងមុខនេះ។
លោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ កម្លាំងសមត្ថកិច្ចរបស់រាជធានីភ្នំពេញនឹងប្រើប្រាស់កម្លាំងចំនួន១៩២១នាក់ ឈរជើងនៅតាមគោលដៅសំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញពិសេស ឈរជើងនៅតាមវត្តអារាមទាំង១៥១វត្តនិងនៅតាមច្រកចេញ ចូលរាជធានីភ្នំពេញ ដើម្បីសម្រួលចរាចរណ៍ប្រជាពលរដ្ឋ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅវត្តអារាមក៏ដូចជាចាកចេញពីរាជធានីភ្នំពេញទៅបណ្ដាខេត្តនានា។
លោកក៏បានបញ្ជាក់បន្ថែមថា ក្នុងចំនួនសមត្ថកិច្ចប៉ូលិសជិត២០០០ នាក់នេះយើង ចែកចេញជាផែនសម្រួលសណ្ដាប់ធ្នាប់សារាចរ អន្តរាគមន៍ អគ្គីភ័យ ល្បាត និងបង្ក្រាបបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានដើម្បីកាត់បន្ថយនូវអំពើចោរកម្មលួច ឆក់ ប្លន់ គ្រឿងញៀន និងគាស់ផ្ទះជាដើម ខណៈដែរបងប្អូនប្រជាពលរដ្ឋចាកចេញទៅស្រុកកំណើតអស់។បន្ថែមពីនេះទៀត យើងក៏ប្រើប្រាស់សមត្ថកិច្ចប៉ូលិសនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ចុះការពារសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរសំដៅធ្វើយ៉ាងណាអោយប្រជាពលរដ្ឋមានភាពកក់ក្តៅនិងមានជំនឿទុកចិត្តមកលើសមត្ថកិច្ចរបស់យើង។
ការបង្ហាញបែបនេះរបស់លោកឧត្តមសេនីយ៍ ស ថេត បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២០កញ្ញានេះ ដើម្បីពិភាក្សា លើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ការអនុវត្តអោយបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជម្ងឺកូវីដ–១៩នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌនេះ៕