គ្រឹះស្ថាន សហគ្រាស រោងចក្រ ទាំងអស់ ត្រូវអនុញ្ញាតឱ្យកម្មករឈប់សម្រាក៣ថ្ងៃ ដោយបើកប្រាក់ឈ្នួល សម្រាប់បុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ ក្រសួងការងារ បានចេញសេចក្តីជូនដំណឹងដោយស្នើឱ្យម្ចាស់សហគ្រាស រោងចក្រ និងគ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តច្បាប់ស្តីពីការងារ ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិត បានឈប់សម្រាក់ចំនួន៣ និងបើកប្រាក់ឈ្នួលមុន សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨បានឲ្យដឹងថា យោងតាមច្បាប់ស្តីពីការឈប់បុណ្យ ដែលត្រូវមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០១៨ និងដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនកម្មករ និយោជិត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ត្រូវអនុវត្តដូចតទៅ៖១៖ អនុញ្ញាតឱ្យកម្មករ និយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្នុងកំឡុងពេលបីថ្ងៃ គឺថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។ ២៖ ខិតខំរៀបចំបើកប្រាក់ឈ្នួលកម្មករ និយោជិតឱ្យបានមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ។ បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឱ្យកម្មករ និយោជិតទទួលបានប្រាក់បុរេនិទានយ៉ាងតិច៥០ភាគរយ មុនពេលបុណ្យភ្ជុំបិណ្ឌ៕