លោកជិន ប៊ុនធឿន នាំយកថវិការបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៥លានរៀល ទៅជួយឧបត្ថម្ភជូនដល់លោក អ៊ុន សិទ្ធា មានជំងឺសម្រាកព្យាបាលនៅលំនៅដ្ឋាន
ភ្នំពេញ៖នៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២១នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានចុះសាកសួរសុខទុក្ខ និងនាំយកថវិការបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំនួន៥លានរៀល ទៅជួយឧបត្ថម្ភជូនដល់លោក អ៊ុន សិទ្ធា ជាមន្ត្រីអានព័ត៌មានប្រចាំនាទីព័ត៌មានកាកបាទក្រហមកម្ពុជា របស់សាខារាជធានីភ្នំពេញ ដែលមានជំងឺគ្រុនចាញ់ និងគ្រុនឈាម បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅលំនៅដ្ឋាន ស្ថិតនៅផ្ទះលេខ១បេ ផ្លូវ១៤អឺ ភូមិប៉ប្រ៉ក់ខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
នាឱកាសនោះ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី លោក ឃួង ស្រេង អភិបាលរាជធានីនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោក អ៊ុន សិទ្ធា ព្រមទាំងសូមលេីកទឹកចិត្តបន្តយកចិត្តទុកដាក់មេីលថែទាំព្យាបាលជំងឺ ដោយស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ពិសារថ្នាំឲ្យបានទៀងទាត់ ដើម្បីឆាប់បានជាសះស្បេីយ ។
ជាមួយគ្នានោះលោកនាយកប្រតិបត្តិសាខា ក៏បានគូសបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ចចំពោះសុខទុក្ខរបស់មន្ត្រី បុគ្គលិកយេីង និងជាពិសេសបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ៕