ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រី ថោង ខុន ប្រាប់ឱ្យក្រុមហ៊ុន អាកាសចរណ៍ក្នុងស្រុក ត្រៀមលក្ខណៈបើកការហោះហើរឡើងវិញ

58

 

ភ្នំពេញ ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ គឺក្រុមហ៊ុន Sky Angkor Airline ឱ្យត្រៀមលក្ខណៈបើកការហោះហើរដឹកជញ្ជូនភ្ញៀវទេសចរ-អ្នកដំណើរឡើងវិញ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏ត្រៀមប្រកាស បើកទេសចរណ៍អន្តរជាតិឡើងវិញ នាពេលឆាប់ៗខាងមុខដែរ ប៉ុន្តែស្របតាមយន្តការ «ទេសចរណ៍សុវត្ថិភាព»។

ក្ដីសង្ឃឹមថ្មីខាងលើនេះ ត្រូវបានបង្ហាញឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូ តំណាងក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍។

នាឱកាសនោះ ឯកឧត្ដម ថោង ខុន បានលើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងត្រៀមលក្ខណៈក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ (ទេសចរដែលចាក់វ៉ាក់សាំងរួច) ឡើងវិញ នាពេលឆាប់ៗខាងមុខ ប៉ុន្តែស្របតាមយន្តការទេសចរណ៍សុវត្ថិភាព»។

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា នាពេលខាងមុខឆាប់ៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងប្រកាសអំពីការបើកទេសចរណ៍សុវត្ថិភាពនេះជាផ្លូវការ ដោយកាលពីពេលកន្លងទៅ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបង្ហើបម្ដងរួចមកហើយដែរ អំពីការត្រៀមបើកទេសចរណ៍អន្តរជាតិឡើងវិញនេះ។

ឯកឧត្ដមបានបញ្ជាក់ទៀតថា តាមគម្រោងដូចដែលសម្តេចតេជោបានមានប្រសាសន៍ គឺចំពោះភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជានោះ នឹងតម្រូវឱ្យធ្វើចត្តាឡីស័កត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ គឺត្រូវធ្វើចត្តាឡីស័កនៅក្នុងតំបន់ទេសចរណ៍ ឬគោលដៅទេសចរណ៍ជាក់លាក់ណាមួយដែលមានសុវត្ថិភាព ពោលគឺជាតំបន់ដែលគ្មានការរាតត្បាតពីជំងឺកូវីដ-១៩។

ដូច្នេះហើយទើបលោករដ្ឋមន្ត្រីបានគាំទ្រឱ្យក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ត្រៀមលក្ខណៈឱ្យបានស្រេចបាច់ ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរ ក៏ដូចជាអ្នកដំណើរពីអន្តរជាតិមកទស្សនាកម្សាន្តនៅកម្ពុជាឡើងវិញ។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានបញ្ជាក់អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យទេសចរណ៍ នៅលើពិភពលោករួមទាំងកម្ពុជាផង។ ទោះយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ «ផែនទីចង្អុលផ្លូវស្តីពីការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិកូវីដ-១៩» និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប និងខេត្តមណ្ឌលគិរី។ ឯកឧត្ដមថា ក្រសួងទេសចរណ៍បានរៀបចំឯកសារផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព ក្នុងដំណាក់កាលកូវីដ-១៩ រួចហើយៗ ថែមទាំងបានដាក់ជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងអនុម័តផងដែរ។

អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline លោក គូ ថេអូ (Koo Taeoh) បានឱ្យដឹងថា ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រកាសអំពីបំណងចង់បើកទេសចរណ៍សុវត្ថិភាពឡើងវិញនៅកម្ពុជា អគ្គនាយករបស់ក្រុមហ៊ុនលោកបានរួសរាន់ត្រលប់ទៅសាធារណរដ្ឋកូរ៉េភ្លាម ដើម្បីធ្វើការជាមួយក្រុមហ៊ុនទេសចរណ៍ នៅប្រទេសកូរ៉េ ក៏ដូចជាប្រទេសចិន លើការផ្សព្វផ្សាយឱ្យភ្ញៀវទេសចរ ធ្វើដំណើរមកលេងកម្សាន្តនៅប្រទេសកម្ពុជា ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកវិស័យទេសចរណ៍ជាផ្លូវការនាពេលខាងមុខនោះ។

អ្នកគ្រប់គ្រង គូ ក៏បានលើកឡើងអំពីគម្រោងវិនិយោគ បង្កើតផលិតផលទេសចរណ៍ថ្មីៗ នៅតំបន់សៀមរាប-អង្គរបន្ថែមទៀតផងដែរ ដើម្បីជាការរួមចំណែកក្នុងការទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិ ឱ្យមកទស្សនាតំបន់បេតិកភណ្ឌពិភពលោករបស់កម្ពុជាតទៅទៀត។

ជាការពិតណាស់ កិច្ចសហការរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ខាងលើនេះ គឺស្របទៅនឹងផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងពិតប្រាកដ។

សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ត្រូវបានបង្កើតឡើងនៅអំលុងខែមិថុនា ដោយកាលណោះមានហោះហើរត្រង់រវាងប្រទេសកម្ពុជា ទៅមកខេត្ត-ក្រុងជាច្រើនរបស់ប្រទេសចិន រួមទាំងទីក្រុងតៃប៉ិ (តៃវ៉ាន់) ប្រទេសវៀតណាម ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ ប្រទេសឥណ្ឌាជាដើម។ ក្រៅពីនោះ ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ក៏មានការហោះហើរក្នុងប្រទេសផងដែរ ភ្នំពេញ-សៀមរាប និង ភ្នំពេញ-ព្រះសីហនុ។

ជាមួយគ្នានេះដែរ អ្នកគ្រប់គ្រង គូ ថេអូ ក៏បានបង្ហាញនូវក្ដីសង្ឃឹមក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យបានច្រើនមកពីប្រទេសចិន ក៏ដូចជាប្រទេសកូរ៉េ ប្រទេសកំណើតរបស់លោកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង