ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីក្រសួងការងារ ជួយអន្ដរាគមន៍ ពលការនី ខ្មែរឥស្លាមម្នាក់ទៀតហើយ ក្រោយចាញ់បោកមេខ្យល់ខុសច្បាប់ ទៅធ្វើការនៅអារ៉ាប៊ីសាអូឌីត អត់ប្រាក់ខែជាង១៤ខែ មក

113

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់កិច្ចអន្តរាគមន៍ ដល់ពលការិនីខ្មែរ ម្នាក់ទៀតហើយ ឈ្មោះ លី សំរ៉ោះ អាយុ ២២ឆ្នាំ ដែលបានចាញ់បោកមេខ្យល់ខុសច្បាប់ម្នាក់ មិនមានក្រុមហ៊ុនច្បាស់លាស់ ឈ្មោះ ជីប ណូស្នី នៅភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំកន្លងមក ដោយនាំទៅធ្វើការងារនៅ ប្រទេសអារ៉ាប៊ីសាអូឌីត មិនបានប្រាក់ខែរយៈពេល ១៤ខែមកនោះ ។
តាមការបញ្ជាក់ឱ្យដឹពីលោក អូស្មាន ហាស្សាន់ កាលពីថ្ងៃព្រហស្បតិ៏៤រោច ខែស្រាពណ៏ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃ៣០ សីហា ឆ្នាំ២០១៨ថា ៖ ពលការិនីរងគ្រោះឈ្មោះ លី សំរ៉ោះ ដែលមានអាយុ ២២ឆ្នាំ គឺជាជនជាតិខ្មែរឥស្លាម មកពីភូមិត្រពាំងថ្ម ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាកូនច្បង ក្នុងចំណោមបងប្អូន ៧នាក់ ដែលជាគ្រួសារកសិករ មានជីវភាពក្រលំបាក បានសម្រេចចិត្តទៅធ្វើការជាស្រ្តីបម្រើការងារផ្ទះនៅអារ៉ាប៊ីសាអូឌីត តាមរយៈមេខ្យល់ខុស ច្បាប់មិនមានក្រុមហ៊ុន និងអាជ្ញាប័ណ្ណត្រឹមត្រូវ​ បានបញ្ជូននាងទៅធ្វើការ កាលពីខែមិថុនា ឆ្នាំ២០១៧។
តាមការបញ្ជាក់ដោយផ្ទាល់ពីស្រ្តីរងគ្រោះខាងលើ ក៏បានអោយដឹងដែរថា ៖ កំឡុងពេលជាង ១៤ខែ ដែលខ្លួនស្នាក់នៅបម្រើការងារនៅអារ៉ប៊ីសាអូឌីត គឺភាគីមេខ្យល់ដែលបញ្ជូននាងទៅដោយខុសច្បាប់នោះ បានទាក់ទងនិយាយគ្នាបានម្តងគត់ តែក្រោយមកក៏បាត់សូន្យឈឹង លែងទាក់ទងបាន ខណៈដែលខ្លួនជាស្រ្តីបម្រើការងារ បានបន្តធ្វើការងារទាំងវេទនា ត្រូវបានម្ចាស់ផ្ទះប្រើអោយធ្វើការហួសកម្លាំង និងលើសម៉ោងរហូត។

ពលការិនី លី សំរ៉ោះ បានបន្ថែមថា៖ ទោះយ៉ាងណា បញ្ហារំលោភលើកម្លាំងពលកម្ម មិនសូវចោទជាបញ្ហាធំនោះទេ អ្វីដែលជាឧបសគ្គធំធេងបំផុត ដែលជាមូលហេតុធ្វើអោយ នាងរកវិធីចាកចេញពីផ្ទះដែលធ្វើការ ក៏ដូចជារកអ្នកជួយផ្តល់ អន្តរាគមន៍ពីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ គឺដោយសារតែថៅកែប្រុស ជាម្ចាស់ផ្ទះដែលខ្លួននៅបម្រើការងារនោះ គឺតែងតែមកឆាឆៅ ក្នុងគោលបំណងរំលោភបំពាន លើខ្លួនប្រាណរបស់នាងថែមទៀត ដែលតែងតែបង្កភាពភិត ភ័យដល់រូបនាងជារឿយៗមក។

ភ្លាមៗឆ្លើយតបនឹងការប្រកាសស្វែងរកការជួយអន្តរាគមន៍ ពីសំណាក់ស្ត្រីរងគ្រោះខាងលើ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ បានចាត់ចែងដោះស្រាយជាបន្ទាន់ ដោយធ្វើការទំនាក់ទំនងជាមួយ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប ដើម្បីផ្តល់បទអន្តរាគមន៍ សម្រួលអោយនារីរងគ្រោះខាងលើនេះ បានចាកចេញពីម្ចាស់ផ្ទះជនជាតិអារ៉ាប់ដែលខ្លួនកំពុងបម្រើការងារ ទៅរកមណ្ឌលគាំពារស្ត្រីរងគ្រោះអារ៉ាប៊ីសាអូឌីត ដោយសុវត្ថិភាព និង បានត្រឡប់មកកាន់កម្ពុជាវិញដោយសុវត្ថិភាព នៅយប់ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៩:៣០នាទីយប់។
លោក អូស្មាន ហាស្សាន់ ជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទទួលភារកិច្ចពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈផ្ទាល់ ក្នុងការទទួលបន្ទុកដោះស្រាយរាល់បញ្ហានានា ទាក់ទងនឹងវិស័យពលកម្មការងារ និងបញ្ហាផ្សេងៗនៅបណ្តាប្រទេសមជ្ឈឹមបូព៌ា​ បានអោយដឹងថា៖ នេះជានារី រងគ្រោះ ទី៥ ហើយ ដែលខ្ញុំបាន ដោះស្រាយអោយបានវិល ត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព។ ប៉ុន្តែដោយសារនៅប្រទេសអារ៉ាប៊ីសាអូឌីតនោះ មិនទាន់មាន ស្ថានទូត ឬ ស្ថានកុងស៊ុល សម្រាប់ទំនាក់ទំនង រាល់ការដោះស្រាយ បញ្ហាម្ដងៗ មានការលំបាក យឺតយ៉ាវដែលលើកទី ១ ខ្ញុំបានសហការនឹង ស្ថានទូតយើងប្រចាំនៅរដ្ឋគុយវ៉ែតផង អេហ្ស៊ីបផង ឯលើក ទី ២, ៣, ៤ និង ទី ៥ នេះ យើងធ្វើការសហការជាមួយ នឹងស្ថានទូតយើងប្រចាំនៅអេហ្ស៊ីបតែម្តង។
ពលការិនីរងគ្រោះ លី សំរ៉ោះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរគុណដល់ លោក អូស្មាន ហាស្សាន់ ជាថ្នាក់ដឹកនាំក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងសហការី ព្រមទាំងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសអេហ្ស៊ីប ដែលបានផ្តល់បទអន្តរាគមន៍ ដោះស្រាយទុក្ខលំបាករបស់នាងបាន ទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង