ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម តែងតែមានកិច្ចសហប្រតិបត្តិការជាមួយគ្នា យ៉ាងល្អប្រសើរ
ភ្នំពេញ ៖ នៅរសៀលថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាឱកាសលោកត្រូវបញ្ចប់អាណត្តិការងារនៅកម្ពុជា។
ជាកិច្ចចាប់ផ្ដើមនៃជំនួប សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសម្ដែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ ព្រមទាំងកោតសរសើរចំពោះលោកឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ដែលបានខិតខំបំពេញតួនាទីយ៉ាងសកម្មក្នុងនាមជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងនៅក្នុងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។
សម្ដេចបន្តថា ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម តែងតែមានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អប្រសើរ និងបន្តនូវកិច្ចសហប្រតិបត្តិការនេះជាបន្តទៀតទៅអនាគត។
សម្ដេចក៏មានសេចក្ដីសង្ឃឹមយ៉ាងមុតមាំថា អ្នកបន្តអាណត្តិការងារក្រោយពីលោកឧត្តមសេនីយ៍ត្រី នឹងបន្តនូវអ្វីដែលជាសមិទ្ធផល ដែលក្រសួងទាំងពីរ មាននាពេលកន្លងមក និងពង្រីកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានវឌ្ឍនភាពល្អប្រសើរថែមទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមក៏បានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខជូនចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងបានជូនពរឯកឧត្តមដែលជាប្រធានស្ថាប័នដឹកនាំ ការងារអនុវត្តច្បាប់រួមចំណែកយ៉ាងសកម្ម និងសំខាន់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅប្រទេសវៀតណាម សូមឱ្យទទួលបានជោគជ័យក្នុងភារកិច្ចបំរើសង្គមជាតិ។
ជាការឆ្លើយប លោកឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ក៏បានជម្រាបជូនសម្ដេចក្រឡាហោម នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម ជូនចំពោះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងបានជម្រាបសម្ដេចទៀតថា លោកពិតជាមានសេចក្ដីរីករាយ និងកិត្តិយសណាស់ដែលបាន បំពេញទទួលតួនាទីជាប្រធានស្ថានតំណាង ក្រសួងនគរបាលវៀតណាមប្រចាំនៅកម្ពុជា។
លោកឧត្តមសេនីយ៍ត្រី ក៏បានបង្ហាញភាពរីករាក និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួងទាំងពីរនៅក្នុងអាណត្តិការងារ៣ឆ្នាំកន្លងមកនេះ។
លោកបានជម្រាបសម្ដេចក្រឡាហោមដែរថា ក្រោយពីបញ្ចប់អាណត្តិការងារនៅកម្ពុជា លោកនឹងបន្តខិតខំដើរតួនាទី ក្នុងការផ្សាភ្ជាប់ទំនាក់ទំនង រវាងសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យកាន់ធើវៀតណាម ដើម្បីលើកកម្ពស់វិស័យអប់រំប្រទេសទាំងពីរ។
សម្ដេចក្រឡាហោម បានថ្លែងអំណរគុណជាថ្មីម្ដងទៀត ចំពោះលោកឧត្តមសេនីយ៍ត្រី និងអរគុណចំពោះការខិតខំប្រឹងប្រែងផ្សាភ្ជាប់ ទំនាក់ទំនងរវាងគ្រឹះស្ថានអប់រំ គឺរវាងសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យកាន់ធើវៀតណាម ដោយសម្ដេចបន្តថាសម្ដេចផ្ទាល់ ក៏ជាអ្នកផ្ដួចផ្ដើមកសាងសាកលវិទ្យាល័យធំៗ៣នៅកម្ពុជាដែរ រួមមានសាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ និងសាកលវិទ្យាល័យត្បូងឃ្មុំ។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ក៏បានបង្ហាញក្ដីសង្ឃឹមដែរថា ការផ្សាភ្ជាប់ទំនាក់ទំន រវាងគ្រឹះស្ថានអប់រំប្រទេសទាំងពីរ នឹងរួមចំណែកជួយ សម្រួលដល់ការលើកកម្ពស់ វិស័យអប់រំនៅកម្ពុជាឱ្យបាន កាន់តែល្អប្រសើរមួយកម្រិតថែមទៀត៕