ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញជួបសួរសុខទុក្ខឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា

128

(រាជធានីភ្នំពេញ)៖ ដើម្បីបង្ហាញអំពីវប្បធម៌ដឹងគុណ ការបន្តវេន និងថ្លែងអំណរគុណដល់អ្នកប្រាជ្ញាខ្មែរដែលបានខិតខំស្រាវជ្រាវបម្រើផលប្រយោជន៍ជាតិខ្មែរទាំងមូល ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញ សួរសុខទុក្ខឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង ទីប្រឹក្សាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជាជំនាន់ទីមួយ (១៩៩៩- ២០០៩) នៅរសៀលថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ក្នុងគេហដ្ឋានរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង។

នៅក្នុងឱកាសជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង បានរំឭកអំពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជានាគ្រាដំបូងនិងការដំណើរការនៃការប្រព្រឹត្តទៅរបស់រាជបណ្ឌិត្យសភាកម្ពុជាដែលមានការវិវត្តនិងមានការរីកចម្រើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។ ជាពិសេស ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់អំពីបេសក កម្មស្នូលរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលផ្តោតជាសំខាន់លើការសិក្សាស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ ដើម្បីផ្តល់ជាធាតុចូលជូនដល់ស្ថាប័នដែលពាក់ព័ន្ធ។ «ទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្តចងភ្ជាប់ដោយលទ្ធផល ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ» ជាផែនទីចង្អុលផ្លូវដែលរាជបណ្ឌិត្យសភាកម្ពុជាកំពុងប្រកាន់យកយ៉ាងខ្ជាប់ខ្ជួនបំផុត។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យទាំងពីររូបបានបង្ហាញអំពីវប្បធម៌ដឹងគុណ ការបន្តវេន និងថ្លែងអំណរគុណដល់អ្នកប្រាជ្ញខ្មែរដែលបានខិតខំស្រាវជ្រាវបម្រើផលប្រយោជន៍ជាតិខ្មែរទាំងមូល ដើម្បីរមឹ្លកគុណនិងជំរុញបេសកកម្មការងាររបស់រាជបណ្ឌិត្យសភាកម្ពុជាសម្រាប់អភិវឌ្ឍកម្លាំងបញ្ញាញាណនៃប្រជាជាតិ ពង្រឹងនិងពង្រីកការសិក្សា ស្រាវជ្រាវគ្រប់មុខជំនាញនៅក្នុងប្រទេស រៀបចំវេទិកាវិទ្យាសាស្ត្រ និង បោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវប្រកបដោយចីរភាពបន្ថែមទៀត។

សូមបញ្ជាក់ជូនថា ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង បច្ចុប្បន្នជាទីប្រឹក្សាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជាជំនាន់ទីមួយ (១៩៩៩-២០០៩)។ ឯកឧត្តមបណ្ឌិតសភាចារ្យជាស្ថាបនិកមួយរូបដែលបានជួយជំរុញរៀបចំដំណើរការការងារនិងការប្រព្រឹត្តទៅរបស់រាជបណ្ឌិត្យសភាកម្ពុជាឱ្យកកើតឡើងវិញក្រោយអាក់ខានអស់រយៈពេលជាច្រើនឆ្នាំដោយសារសង្គ្រាមស៊ីវិល។

នៅឆ្នាំ១៩៦៥ រាជបណ្ឌិត្យសភាកម្ពុជាបានចាប់បដិសន្ធិឡើងតាមព្រះរាជក្រមលេខ ២៦១ ប.រ និងព្រះរាជក្រឹត្យ លេខ ៤៩៩ ប.រ. ចុះ ថ្ងៃ ទី ២៥ ខែសីហា ឆ្នាំ១៩៦៥ ប៉ុន្ដែមិនទាន់ប្រព្រឹត្តទៅនៅឡើយដោយសារសង្គ្រាមស៊ីវិលចាប់ពីឆ្នាំ ១៩៧០ ក៏បានកាត់ផ្ដាច់ការខិតខំទាំងនោះទៅ។ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ១៩៩៩ រាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានបង្កើតឡើងវិញដោយព្រះរាជក្រឹត្យលេខនស/រកត/០៥៩៩/៩៧ គឺ នៅដើមអាណត្ដិទី២នៃរាជរដ្ឋាភិបាល។

ចំណែកអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជាបន្តពីឯកឧត្តមបណ្ឌិតសភាចារ្យស៊ន សំណាង គឺលោកជំទាវបណ្ឌិត សភាចារ្យ ខ្លូត ធីតា ដែលបានធ្វើជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាពីឆ្នាំ២០០៩ – ២០១៧។

បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច រាជបណ្ឌិត្យសភាកម្ពុជាបានក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលរដ្ឋបាលនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩៕

 

អត្ថបទដែលជាប់ទាក់ទង