ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើសិង្ហបុរីបង្កើននាំចូលអង្ករ និងផលិតផលកសិកម្ម ពីកម្ពុជា

90


ភ្នំពេញ៖លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវក្តីសង្ឃឹមថា​ សិង្ហបុរី នឹងបង្កើនការនាំចូលនូវអង្ករ និងផលិតផលកសិកម្មដទៃទៀតកម្ពុជា ហើយនឹងពិចារណា ឲ្យមានកិច្ចព្រមព្រៀងក្របខ័ណ្ឌទ្វេភាគីស្តីពី សហប្រតិបត្តិការលើវិស័យការងារ។

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងបែបនេះ ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៩ ដល់៣១ខែសីហា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយលោក វីវៀន បាឡាក់គ្រីស្ហណាន់ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី ។ នៅរសៀល៣០ខែសីហានេះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលជួបសម្តែងការគួរសមជាមួយលោក លី សៀន ឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការទៅកាន់សិង្ហបុរី ។

សេចក្ដីប្រកាសព័ត៌មាន បានថ្លែងអំណរគុណសិង្ហបុរី ដែលបន្តជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ពិសេសការកសាងធនធានមនុស្ស ដោយគ្របដណ្តប់លើការអភិវឌ្ឍសមត្ថភាពឌីជីថល។

ក្នុងជំនួបទ្វេភាគី លោក ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក វីវៀន បាឡាក់ គ្រីស្ហណាន់ បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំង នូវវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងសិង្ហបុរី ជាពិសេស លើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ដែលមានកំណើនកាន់តែច្រើនឡើង។ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មី នូវការតាំងចិត្តខិតខំធ្វើការកាន់តែជិតស្និទ្ធជាមួយគ្នា ដើម្បីកសាងនូវទំនាក់ទំនងរវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ រវាងធុរកិច្ចនិងធុរកិច្ច និងរវាងប្រជាជននិងប្រជាជន ឲ្យកាន់តែខ្លាំងរឹងមាំ និងដើម្បីបង្កើនការផ្លាស់ប្តូរសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមមាន វិស័យអាកាសចរណ៍ ទូរគមនាគមន៍ ថាមពល ការងារ និងការអភិវឌ្ឍធនធានមនុស្ស៕

អត្ថបទដែលជាប់ទាក់ទង