ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

JICA ប្រគល់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីបាត់ដំបង ដល់សិរីសោភ័ណ នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥

90

 

បាត់ដំបង ៖ នាថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និង ដឹកជញ្ជូន និងជាប្រធានគណៈប្រតិភូ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះត្រួតពិនិត្យប្រគល់-ទទួល កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីបាត់ដំបង ដល់សិរីសោភ័ណ នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ដោយមានការចូលរួមពីឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត តំណាងJICA ប្រចាំកម្ពុជា មន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីបច្ចេកទេសគ្រប់ផ្នែកពាក់ព័ន្ធផងដែរ។

សូមជម្រាបជូនថា៖ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលជប៉ុនតាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា(JICA) និងគ្រោងចំណាយថវិកាប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក។

ការស្ថាបនាចែកជាបីផ្នែកធំៗ គឺ ផ្នែកខាងជើង ផ្នែកខាងត្បូង និងផ្នែកកណ្តាលដោយក្នុងនោះរួមមាន៖ ការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ ប្រវែង៣០៤គីឡូម៉ែត្រ ក្រាលជំនួសដោយកៅស៊ូAC និងមានសួរច្បារកណ្តាល និងការសាងសង់ផ្លូវវាងក្រុងចំនួន ៥ខ្សែ ប្រវែង ៦២គីឡូម៉ែត្រ មាន៤គន្លង ទទឹង២៣ម៉ែត្រ និងមានសួរច្បារនៅកណ្តាល ព្រមទាំងមានការពង្រីកស្ពានចាស់ និងសាងសង់ស្ពានថ្មី សរុប៨០កន្លែង។

ដោយឡែក សម្រាប់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីបាត់ដំបង ដល់សិរីសោភ័ណ នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ដែលត្រូវចុះពិនិត្យប្រគល់-ទទួលនេះ គឺចាប់ផ្តើមសាងសង់ចេញពីខេត្តបាត់ដំបង រហូតដល់ក្រុងសិរីសោភ័ណ មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ និងបច្ចុប្បន្នការសាងសង់បានសម្រេច ១០០%ហើយ។ គម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ ៥ នេះផងដែរ ត្រូវបានបែងចែកជាពីរកញ្ចប់ការងារ៖ កញ្ចប់ការងារទី១ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo Joint Venture មានប្រវែង ៤៦,២៧គីឡូម៉ែត្រ (ផ្លូវវាងក្រុងបាត់ដំបងប្រវែង ២៣,៩២គីឡូម៉ែត្រ) និងកញ្ចប់ការងារទី២ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Daiho-Asanuma Joint Venture មានប្រវែង ៣៨,៤៧គីឡូម៉ែត្រ (ផ្លូវវាងក្រុងសិរីសោភ័ណប្រវែង ៩,៣៤គីឡូម៉ែត្រ) និងត្រួតពិនិត្យបច្ចេកទេស ដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KEI-OCG-KCI Joint Venture in association with KCEC & TANCONS និងត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ ក៏មានដាំលម្អដើមត្របែកព្រៃ និងចំប៉ីនៅចំកណ្ដាលទ្រូងផ្លូវប្រមាណ ៧១១០ ដើម និងដើមក្ងោកនៅអមសងខាងផ្លូវវាងប្រមាណ ៦០០០ ដើម ចាប់ពីបាត់ដំបង រហូតដល់ក្រុងសិរីសោភ័ណ ដើម្បីបង្កើនសោភ័ណភាពបរិស្ថាន និងការពារដល់ព្រំដីចំណីផ្លូវ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នាឱកាសនេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានមានប្រសាសន៍ថា៖ ផ្លូវ គឺមានសារៈសំខាន់ណាស់ សម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ពិសេស គឺវិស័យដឹកជញ្ជូននេះតែម្តង ដែលតម្លៃដឹកជញ្ជូននៅកម្ពុជា គឺថ្លៃជាងប្រទេសជិតខាង ហើយបច្ចុប្បន្ន រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំប្រឹងប្រែង រៀបចំ កសាងផែនការមេប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម ក្នុងន័យកាត់បន្ថយតម្លៃដឹកជញ្ជូន ដើម្បីទាក់ទាញវិនិយោគចូលមកកម្ពុជា ដែលនឹងបង្កើតការងារជូនប្រជាពលរដ្ឋយើង។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបន្តទៀតថា កំណាត់ផ្លូវជាតិលេខ ៥ ដែលបានស្ថាបនារួចក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យនេះ ក្រុមហ៊ុនម៉ៅការសាងសង់នឹងបន្តធ្វើការថែទាំរយៈពេលមួយឆ្នាំទៀត ចាប់ពីថ្ងៃប្រគល់-ទទួល និងស្នើសុំ ឯកឧត្តមអភិបាលនៃ គណៈអភិបាលខេត្តទាំងពីរបន្ត និងចាត់វិធានការការពារថែរក្សា និងគ្រប់គ្រងដីចំណីផ្លូវ៦០ម៉ែត្រ ដែលរដ្ឋបានចំណាយថវិកាជាតិទិញពីប្រជាពលរដ្ឋ ទុកសម្រាប់បម្រើឱ្យប្រយោជន៍សាធារណៈ ក៏ដូចជាសម្រាប់ការអភិវឌ្ឍន៍ទៅថ្ងៃមុខ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានលើកឡើងផងដែរថា៖ ចំពោះឡានដឹកទំនិញធំៗ អាចបង្វែរចរាចរណ៍ពីការឆ្លងកាត់ទីរួមខេត្ត មកផ្លូវវាងក្រុងថ្មីនេះវិញ ដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ជួយការពារបរិស្ថាន សុខភាពសាធារណៈ ក៏ដូចជាចំនេញពេលវេលាក្នុងការធ្វើដំណើរ និងរួមចំណែកកាត់បន្ថយការកកស្ទះនៅទីរួមខេត្ត។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះដៃគូអភិវឌ្ឍន៍ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលអញ្ជើញចូលរួមជាសក្ខីភាព នៃការចុះពិនិត្យប្រគល់-ទទួល កំណាត់ផ្លូវជាតិលេខ ៥ ក្នុងគម្រោងខាងលើនេះ និងសូមអំពាវនាវដល់គ្រប់អង្គភាពពាក់ព័ន្ធបន្តការការពារ និងថែរក្សាសមិទ្ធផលជាតិដែលទើបនឹងសម្រេចបាន ជាពិសេសសូមប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍៕

អត្ថបទដែលជាប់ទាក់ទង