ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពង្រាងច្បាប់ លទ្ធិប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០២១ គ្រាន់តែជាជ្រុងតូចមួយ នៃនយោបាយរបស់ អតីតគណបក្សប្រឆាំង

77

ភ្នំពេញ ៖ លោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ពង្រាងច្បាប់លទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១ ដែលឆ្លងកាត់សភាសហរដ្ឋអាម៉េរិក ដើម្បីដាក់ទណ្ឌកម្មមកលើប្រទេសកម្ពុជានោះ វាគ្រាន់តែជាជ្រុងតូចមួយនៃនយោបាយរបស់អតីតគណបក្សប្រឆាំង ដែលបញ្ចុះបញ្ចូលនៅក្រៅប្រទេសសម្រាប់អ្នកដែលប្រកាន់និយមតែប៉ុណ្ណោះ ប៉ុន្តែច្បាប់នេះនឹងមិនទទួលជោគជ័យនោះទេ៖

១- សហរដ្ឋអាម៉េរិកដឹកនាំដោយប្រព័ន្ធប្រធានាធិបតីនិយម ហើយលោក ចូ បៃឌិន កំពុងតែដើរខកនៅអាហ្វហ្កាសនីស្ថាន ដូច្នេះលោកមិនអាចដើរខកនៅអាស៊ានទៀតនោះទេ ប្រសិនបើលោកដើរខកទាំងពីរករណីនេះ វាគឺជាភាពបរាជ័យរបស់សហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលរបស់លោក ចូ បៃឌិន។

២- ព្រឹទ្ធសភា(សភាជាន់ខ្ពស់)ដើរតួនាទីធំជាងរដ្ឋសភា(សភាជាន់ទាប) ដូច្នេះសភាអនុម័ត គ្រាន់តែជាជ្រុងមួយប៉ុណ្ណោះ តែព្រឹទ្ធសភាដើរតួនាទីសំខាន់។ រដ្ឋសភាមានសិទ្ធិស្នើសុំទៅទៅព្រឹទ្ធសភា ដោយព្រឹទ្ធសភាគឺជាអ្នកសម្រេចចិត្ត ហេតុនេះវាត្រឹមតែជាសំណើរប៉ុណ្ណោះ ហើយការស្នើមិនសុទ្ធតែទទួលបានជោគជ័យនោះទេ។

៣- កម្ពុជានឹងក្លាយទៅជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដូច្នេះកម្ពុជាជាអ្នកសម្របសម្រួលធំណាស់

៤- ពេលណាមិនឱ្យលុយចេញ ដោយហ៊ុមព័ទ្ធសេដ្ឋកិច្ច ឬហ៊ុមព័ទ្ធអ្នកមានលុយកាក់យកទៅប្រើប្រាស់ និងដាក់តម្កល់នៅបរទេសជាការងាយស្រួលសម្រាប់កម្ពុជា ព្រោះកម្ពុជាកំពុងតែត្រូវការទុនវិនិយោគ ហើយអាចវិនិយោគ ដើម្បីបង្កើតការងារក្នុងស្រុក ព្រោះគេមិនអាចយកលុយទៅតម្កល់នៅបរទេសបាន។

៥- ភូមិសាស្ត្រនយោបាយ ដែលមហាអំណាចកំពុងរត់ប្រណាំងគ្នា ដោយប្រធានាធិបតីសហរដ្ឋអាម៉េរិកមិនអាចមើលរំលងកម្ពុជានោះទេ ហើយកម្ពុជាក៏ជាសម្ព័ន្ធមិត្តចិននៅក្នុងអាស៊ាន។

៦- សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាជាមេដឹកនាំមានវ័យចំណាស់ជាងគេនៅក្នុងអាស៊ាន ដែលប្រកបដោយបទពិសោធច្រើនណាស់សម្រាប់ជាកូនសោរនយោបាយនៅក្នុងអាស៊ាន។ យើងដឹងហើយថា នយោបាយរបស់សហរដ្ឋអាម៉េរិកគឺសម្លឹងមកអាស៊ី ពិសេសអាស៊ាន ទាំងនយោបាយ ទាំងទីផ្សារ ហើយអាស៊ានត្រូវធ្វើការសម្រេចចិត្តទៅលើកិច្ចការណាមួយ ត្រូវផ្អែកលើការសម្រេចដោយ
ឈរលើគោលការណ៍កុងសង់ស៊ីស(សម្រេចជាឯកច្ឆន្ទ) ដូច្នេះ បើសិនសហរដ្ឋអាម៉េរិកទាត់កម្ពុជាចោល រាល់ការសម្រេចរបស់អាស៊ានត្រូវទុកជាមោឃៈ។

៧- បើសិនជាអាម៉េរិកបរាជ័យនៅអាហ្វហ្គានីស្ថាន ហើយបរាជ័យនៅអាស៊ានទៀត នោះវាជាបរាជ័យ របស់គណបក្សប្រជាធិបតេយ្យ និងប្រធានាធិបតីរបស់លោកចូ បៃឌិន៕

អត្ថបទដែលជាប់ទាក់ទង