ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការ លក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន បានជិត៨ពាន់ផ្លាក និងទទួលបានថវិកាជិត ១៥លានដុល្លារ

59

 

ភ្នំពេញ៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងគ្រប់គ្រង ការលក់ផ្លាកលេខពិសេសបានថ្លែងបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ដែលបើកផ្លាកលេខពិសេសផ្ទាល់ខ្លួន រហូតមកដល់ពេលនេះ ក្រសួងសាធារណការ បានលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន ចំនួន ៧ ៥៧៨ផ្លាក ហើយទទួលបានថវិកាប្រមាណ ១៤,៩៧៨,១៥១ដុល្លារអាមេរិក។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការឆ្លើយតបនូវសំណួរស្តីពី ផ្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ត
ផ្សាយផ្ទាល់ពីការឆ្លើយតបនូវសំណួររបស់បងប្អូនប្រជាពលរដ្ឋ ក្រោមប្រធានបទ​ “ការស្វែងយល់ពីផ្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ត”​ ក្នុងកម្មវិធី MPWT LIVE SHOW នាថ្ងៃ៣០ កញ្ញា ២០២១ ដោយវាគ្មិនកិត្តិយស​ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការ​ និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត។

នៅក្នុងឱកាសជាវាគ្មិននៃកម្មវិធីផ្សាយផ្ទាល់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានឈ្មោះថា «MPWT LIVE SHOW» នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ លោកស្រី កុយ សុដានី បានបញ្ជាក់ទៀតថា ការលក់ផ្លាកលេខពិសេសនេះដែរសម្រាប់រយៈពេល៩ខែដើមឆ្នាំ២០២១នេះ មានការធ្លាក់ចុះជាង៩ខែដើមឆ្នាំ២០២០ ដោយសារតែមានបញ្ហាកាផ្ទុះឡើងនៃជំងឺកូវីដ១៩ផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន ដើម្បីបង្កើតជម្រើសកាន់តែច្រើន ក្នុងការប្រើប្រាស់ផ្លាកលេខដល់ម្ចាស់រថយន្ត និងជាការកៀរគរចំណូលសម្រាប់ជាតិបន្ថែមទៀត។ ផ្លាកលេខនេះមានលក្ខណៈពិសេសខុសពីផ្លាកលេខដទៃ ពោលម្ចាស់រថយន្តអាចកំណត់តួអក្សរ និងលេខតាមដែលខ្លួនចង់បាន និងជាផ្លាកលេខមានតែមួយប៉ុណ្ណោះ។

«ផ្លាកលេខពិសេសផ្ទាល់ខ្លួន» ត្រូវបានបោះពុម្ពដោយមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ និងមានការរួមបញ្ចូលគ្នាលេខឡាតាំង ឬអក្សរ ចាប់ពី ០១ ដល់ត្រឹម ០៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល។ ផ្លាកលេខនេះមាន QR Code នៅផ្នែកខាងស្តាំ ដែលមានបញ្ជាក់ព័ត៌មានស្តីពីរថយន្តនោះ។ គេអាចជ្រើសរើសផ្លាកលេខរថយន្តពិសេសនេះ តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តតាមរយៈគេហទំព័រ vehicle.mpwt.gov.kh។ ផ្លាកលេខពិសេសនេះ មានជម្រើសរហូតដល់ទៅ ៣.៥ទ្រីលាន។

ផ្លាកលេខនេះមានតម្លៃចាប់ពី ២លានរៀលឡើងទៅរហូតដល់ ១,០០០លានរៀល តែសម្រាប់ការដេញថ្លៃអាចនឹងមានតម្លៃច្រើនជាងនេះ។ តម្លៃថ្លៃទាប ឬខ្ពស់ អាស្រ័យទៅតាមប្រភេទលេខ ឬតួអក្សរ ពោលបើលេខ ឬតួអក្សរ ៨ខ្ទង់មានតម្លៃធូរថ្លៃ តែបើចំនួនលេខ ឬតួអក្សរកាន់តែតិច តម្លៃក៏កាន់តែថ្លៃផងដែរ។

«ផ្លាកលេខពិសេសផ្ទាល់ខ្លួន» នេះ អ្នកដែលទិញអាចរក្សាទុកពេញជីវិត ដោយគ្រាន់តែកាត់ឈ្មោះចេញនៅពេលលក់រថយន្ត ឬគេអាចលក់ផ្លាកលេខ ពេលលក់ រថយន្តក៏បាន។ ម្ចាស់ផ្លាកលេខក៏អាចរក្សាផ្លាកលេខនេះទុកដល់កូនចៅផងដែរ ដោយគ្រាន់តែធ្វើការផ្លាស់ប្តូរព័ត៌មាន អ្នកដែលត្រូវបន្តគ្រប់គ្រង ផ្លាកលេខប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង