ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុន Facebook កំពុងប្រឈមមុខនឹង ការផាកពិន័យជាទឹក ប្រាក់រហូតដល់ ១០ភាគរយ នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ Facebook នៅក្នុងប្រទេសរុស្ស៊ី

111

ម៉ូស្គូ៖ អាជ្ញាធររុស្ស៊ីបានប្រកាសឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ក្រុមហ៊ុន Facebook កំពុងប្រឈមមុខនឹង ការផាកពិន័យជាទឹក ប្រាក់រហូតដល់ ១០ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ Facebook នៅក្នុងប្រទេសរុស្ស៊ី បើសិនជាបណ្ដាញសង្គមយក្សមួយនេះមិនព្រម លុបមាតិកា (ខ្លឹមសារ) ដែលរដ្ឋាភិបាលទីក្រុងម៉ូស្គូចាត់ទុកថាខុសច្បាប់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ មានការខកចិត្ត យ៉ាងខ្លាំងចំពោះបណ្ដាញសង្គម Facebook ដែលបរាជ័យក្នុងការលុបមាតិកាដែលខុសច្បាប់ទាំងនោះ និងមិនព្រមធ្វើតាមសំណើរបស់ រដ្ឋាភិបាលទៀតផង។

ក្រុមអ្នកច្បាប់របស់ប្រទេសរុស្ស៊ីបានបញ្ជាក់ឱ្យដឹងថា ការបរាជ័យរបស់ Facebook ម្ដងហើយម្ដងទៀតក្នុងការលុបមាតិកាដែលខុសច្បាប់ នោះគឺជាចេតនារបស់ Facebook ដែលមិនព្រមលុបតាមសំណើរបស់រដ្ឋាភិបាល ដូច្នេះ Facebook ប្រឈមមុខនឹងការផាកពិន័យចន្លោះពី ៥ ទៅ១០ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ Facebook ដែលទទួលបាននៅក្នុងប្រទេសរុស្ស៊ី។

មាតិកាដែលរដ្ឋាភិបាលរុស្ស៊ីស្នើសុំឱ្យ Facebook លុបនោះគឺមានការបង្ហោះរូបភាពអាសអាភាសរបស់កុមារ, រូបភាពនៃការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ជាពិសេសគឺខ្លឹមសារមួយចំនួនរបស់ក្រុមជ្រុលនិយមដែលប្រឆាំងនឹងរដ្ឋាភិបាល។

គួរបញ្ជាក់ផងដែរថា មួយឆ្នាំចុងក្រោយនេះ រុស្ស៊ីបានដាក់សម្ពាធទៅលើក្រុមហ៊ុន Big Tech របស់អាមេរិក ដូចជា YouTube, Google, Twitter និង Facebook ដោយក្នុងនោះ រុស្ស៊ីបានស្នើដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងនេះឱ្យបង្កើតការិយាល័យ និងមជ្ឈមណ្ឌលរក្សាទុក ទិន្នន័យអ្នកប្រើប្រាស់រុស្ស៊ីនៅក្នុងប្រទេសរុស្ស៊ីតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង