ឧត្តមសេនីយ៍ឯក ស ថេត ការអនុវត្តច្បាប់ចរាចរណ៍ គឺផ្អែកលេីច្បាប់ ហើយការផាកពិន័យក៏ផ្អែក លើច្បាប់ដែលបានកំណត់
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា តាមរយ:កិច្ចប្រជុំអនឡាញ Zoom Meeting ។
ក្នុងកិច្ចប្រជុំនេះដែរក៏មានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ផងដែរ ។ ឯកឧត្តមស្នងការបានធ្វើការកោតសរសើរដល់ការខិតខំប្រឹងប្រែងអនុវត្តការងារបស់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ម្យ៉ាងវិញទៀត ឯកឧត្តមស្នងការបានមានមតិចូលរួម និងដឹកនាំល្អៗជាច្រើនដល់អង្គប្រជុំ ដូចជាការណែនាំដល់ការិយាល័យបង្ការពន្លត់អគ្គិភ័យ ឲ្យត្រៀមជាប្រចាំ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រៀមជួយពន្លត់អគ្គិភ័យ ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានល្អ និងទាន់ពេលវេលា ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានសរសើរដល់ការខិតខំរបស់មន្ត្រីការិយាល័យពន្លត់អគ្គិភ័យ ដែលបានប្រឹងប្រែងទាំងយប់ថ្ងៃ ដែលប្រឈមគ្រោះថ្នាក់ក្នុងពេលជួយពន្លត់ ចំណែកឯមន្ត្រីនៃការិយាល័យចរាចរណ៍ផ្លូវគោក ត្រូវអនុវត្តតាមច្បាប់ ប្រើប្រាស់កាយវិការ និងសម្តីឲ្យបានសមរម្យ ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការអនុវត្តច្បាប់ចរាចរណ៍គឺផ្អែកលេីច្បាប់ ហើយការផាកពិន័យក៏ផ្អែកលើច្បាប់ដែលបានកំណត់ផងដែរ ការកំណត់តាមច្បាប់ដើម្បីធ្វើការផាកពិន័យខ្ពស់ ដើម្បីឲ្យអ្នកល្មើសរាងចាល ចូលរួមគោរពច្បាប់ ជាពិសេសកាត់បន្ថយការគ្រោះថ្នាក់បាត់បង់ជីវិត ឬរងរបួសធ្ងន់ ។
ជាកិច្ចបញ្ចប់ ឯកឧត្តមស្នងការ បានណែនាំដល់លោក លោកស្រីស្នងការរងទទួលដឹកនាំតាមបណ្តាអធិការខណ្ឌទាំងអស់ ត្រូវរៀបចំកិច្ចប្រជុំជាប្រចាំដើម្បីធ្វើការតាមដាន ដោះស្រាយបញ្ហា និងចាត់វិធាន ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។ គ្រប់អង្គភាពទាំងអស់ត្រូវចូលរួមសហការជាមួយក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សឲ្យបានល្អ ដើម្បីបន្សាបឲ្យបានទាន់ពេលវេលា នៅរាល់ព័ត៌មានមិនពិត ដែលមានលក្ខណ:ញុះញង់បង្កឲ្យមានភាពវឹកវដល់សង្គមជាតិ ក៏ដូចជាក្នុងបំណងអាក្រក់បង្ខូចកិត្តិយសរបស់ថ្នាក់ដឹកនាំ និងអង្គភាព ។
ឯកឧត្តមស្នងការបានណែនាំដល់គ្រប់អង្គភាព អនុវត្តការងារឲ្យបានល្អ ហាមដាច់ខាតចំពោះសារព័ត៌មានដែលចូលមកថត ឬឡាយ នៅពេលដែលសមត្ថកិច្ចកំពុងតែអនុវត្តការងារជំនាញចាំបាច់ បើប្រាប់មិនស្តាប់ត្រូវតែចាត់វិធានការតាមច្បាប់ ព្រោះការថត ឬឡាយ អាចធ្វើឲ្យបែកការណ៍ ហើយជនសង្ស័យបានឃើញ និងធ្វើការគេចខ្លួន ដែលនាំឲ្យសមត្ថកិច្ចពិបាកក្នុងការស្រាវជ្រាវ និងតាមដានដើម្បីតាមឃាត់ខ្លួនជនសង្ស័យ ៕