សកម្មជនរបស់អតីតបក្សសង្គ្រោះជាតិ ប្រចាំខណ្ឌចំការមន ទៅស្បថ ចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ លោក ណុប ប៊ុនហ៊ ដែលជាមេដឹកនាំចលនា ដ៏ខ្លាំងក្លារបស់អតីតបក្សសង្គ្រោះជាតិ ប្រចាំខណ្ឌចំការមន និង ក៏ជាអ្នករកស៊ីទិញ និងលក់ដីធ្លី បានប្រកាសចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា ហើយបញ្ជាក់ពីស្មោះស្ម័គ្រនោះ លោកក៏បានទៅស្បថនៅព្រះអង្គដងកើ ជាមួយលោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ជាងនេះទៅទៀត លោកក៏បានបញ្ជាក់អំពីប្រវត្តិរូបសង្ខេបអំពីការចូលរួមក្នុងបក្សប្រជាជនផងដែរ។
លោក ណុប ប៊ុនហ៊ សកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ប្រចាំខណ្ឌចំការមន ដែលជាមេខ្លោងដើរប្រមូលមនុស្សទៅចាំទទួលលោក កឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅពេលនេះ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជាហើយ។ លោក ណុប ប៊ុនហ៊ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ បានទៅអុជធូបស្បថស្បែនៅមុខព្រះអង្គដងកើ មុខព្រះបរមរាជវាំងថា នឹងសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោក ព្រុំ សំខាន់ អភិបាលខណ្ឌចំកាមន បាននាំលោក ណុប ប៊ុនហ៊រ ទៅស្បថនៅព្រះអង្គដងកើថា ឈប់បម្រើការងារឲ្យអតីតគណបក្សសង្គ្រោះជាតិតទៅទៀតហើយ និងបានសុំចូលបម្រើគណបក្សប្រជាជនវិញ ដោយស្ម័គ្រចិត្តចេញពីបេះដូង។
បើតាមលោក ណុប ប៊ុនហ៊រ បានអះអាងថា” ខ្ញុំបាទធានាអះអាងថាប្រវត្តរូបរបស់ខ្ញុំពិតប្រាកដ មិនក្លែងបន្លំឡើយ។ លោកបានបញ្ជាក់ថា ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់អំពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបានវាយតម្លៃខ្ពស់ ថាមានតែគណបក្សប្រជាជនកម្ពុជាមួយទេ ដែលមានឧត្តមគតិត្រឹមត្រូវ និងមានគុណបំណាច់យ៉ាងធំធេងចំពោះជាតិមាតុភូមិ។ ខ្ញុំសូមគាំទ្រទាំងស្រុកនូវកម្មវិធីនយោបាយ និងលក្ខន្តិកៈ របស់គណបក្សប្រជាជនកម្ពុជា”។
កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ពីលើវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅកងកម្លាំងនគរបាលខេត្តត្បូងឃ្មុំ ឲ្យចាត់វិធានការលើឈ្មោះ ណុប ប៊ុនហ៊ ។ សម្តេចតេជោ បានបញ្ជាក់ថា អាមេខ្លោងធំរបស់វា នៅខណ្ឌចំការមន វាជា មេចលនាបំផុសប្រជាពលរដ្ឋ ឲ្យទៅរង់ចាំទទួលលោក កឹម សុខា ពីពន្ធនាគារ៕