គ.ជ.ប ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ក្នុងឃុំ សង្កាត់
ភ្នំពេញ៖ គ.ជ.ប ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ក្នុងឃុំ សង្កាត់ តាមរយៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ ដើម្បីធានាឲ្យបញ្ជីបោះឆ្នោត មានគុណភាព មានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។ លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងបើកវគ្គបណ្តុះបណ្តាល មន្ត្រី លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល
ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅសាលសន្និសីទ គ.ជ.ប ។
លោកអគ្គលេខាធិការ បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ ត្រូវអនុវត្តនៅក្រោយពេលដែល គ.ជ.ប បានបញ្ចប់ជាស្ថាពរការងាររៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ និងជាជំហានថ្មីមួយ សម្រាប់អនុវត្តការងារធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ ប្រចាំឆ្នាំ បន្ទាប់ពីបានរៀបចំបញ្ជិបោះឆ្នោតថ្មី ឆ្នាំ២០១៦ និងការធ្វើបច្ចុប្បន្នភាពនៅឆ្នាំ២០១៧។
បើតាមសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា រយៈពេល៣ថ្ងៃ នៃវគ្គបណ្ដុះបណ្ដាលនេះ គឺចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ គ.ជ.ប មានបំណងចង់ផ្ដល់ជូនបន្ថែម នូវការយល់ដឹងឱ្យកាន់តែច្បាស់លាស់ អំពីនីតិវិធី នៃការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ពិសេសគឺការធ្វើបច្ចុប្បន្នភាព បញ្ជីឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ សំដៅធានាឱ្យមានគុណភាព និងប្រសិទ្ធភាពការងារ និងការចូលរួមសហការអនុវត្តន៍តាមតួនាទី ដើម្បីឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន និងទទួលជោគជ័យ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី និងប្រតិទិនការងារដែលបានកំណត់៕
សេចក្ដីប្រកាសព័ត៌មានស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ របស់ គ.ជ.ប៖