រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសគាំទ្រ គំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ កំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ អនុសាសន៍ផ្ដួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាការតម្រង់ទិសបន្ថែមជូនបងប្អូន ប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីបន្តជ្រើសរើសថ្នាក់ដឹកនាំជាតិ ប្រកបដោយគុណវុឌ្ឍផ្នែក ចំណេះដឹង បទពិសោធ ទេពកោសល្យ ភាពឈ្លាសវៃ ប៉ិនប្រសប់ គតិបណ្ឌិត ភាពចាស់ទុំលើយុទ្ធសាស្ត្រដឹកនាំ និង តែងតែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ នៅគ្រប់ដំណាក់កាលទាំងអស់ គិតចាប់ពីដំណាក់កាលរំដោះនជាតិមាតុ ភូមិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ដំណាក់កាលស្តារ និងកសាងប្រទេសជាតិពីបាតដៃទទេ ឱ្យមានការអភិវឌ្ឍ លើគ្រប់វិស័យ ព្រមទាំងការខិតខំដោះស្រាយបញ្ហាប្រឈមជាសកលនៃការរីករាលដាលជំងឺកូវីដ-១៩ បានល្អប្រសើរ ដូចពេលបច្ចុប្បន្ន។
ទន្ទឹមនឹងនេះ៖ ការរៀបចំធ្វើវិសោធនកម្មកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយចំពោះថ្នាក់ដឹកនាំនៃស្ថាប័ន កំពូលទាំងបួនខាងលើនេះ គឺជាកាយវិការបង្ហាញឱ្យឃើញកាន់តែច្បាស់នូវភាពស្មោះត្រង់ចំពោះជាតិ និងប្រជាជន ជាពិសេសដើម្បីបញ្ចៀសបាននូវការជ្រៀតជ្រែកពីសំណាក់បរទេស ដូចក្នុងពេលអតីតកាល ដែលអ្នកនយោបាយខ្មែរ មួយក្តាប់តូចមានសញ្ជាតិពីរ ឬ សញ្ជាតិច្រើន តែងតែពឹងពាក់បរទេស ដើម្បីដាក់សម្ពាធ ឬ ធ្វើទុក្ខបុកម្នេញមកលើ ជាតិសាសន៍ និងប្រជាជនខ្លួនឯង ដោយមិនបានគិតគូរពីផលប្រយោជន៍ និងសុខទុក្ខរបស់ប្រជាជនឡើយ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។
សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»៕