ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងប្រុស ស្រី ជំទង់ៗ ប្រាំនាក់លង់ទឹកសមុទ្រ សង្គ្រោះ បានពីរ ស្លាប់ម្នាក់ និងនៅបាត់ខ្លួនបីនាក់ទៀតរកមិនឃើញ

55

ព្រះសីហនុះ-មានសេចក្តីរាយការណ៍ជាបឋមថា មានក្មេងៗជំទង់ចំនួន០៥នាក់បានលង់ទឹកសមុទ្រ ពេលនាំគ្នាចុះលេងទឹកសមុទ្រនៅចំណុច ខាងក្រោមដើមឈើចាំស្នេហ៍ តំបន់ពយម៉ាចូវ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោង៣ រសៀលថ្ងៃទី៧ខែតុលាឆ្នាំ២០២១នេះខណៈព្យុះរលកសមុទ្រធំៗកំពុងកើតមាន។

ភ្លាមៗមានក្មេង២នាក់ត្រូវបានគេជួយសង្គ្រោះបាន ពីសមុទ្រ តែអកុសល ក្មេងស្រីម្នាក់បានស្លាប់ ពេលលើកឡើងពីទឹក ហើយនៅបាត់ខ្លួន៣នាក់ទៀត។

លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារGTVC និងអូប័រចំនួន០២គ្រឿង ដើម្បីចេញស្វែងរកក្មេងរងគ្រោះដែលលង់ទឹកនៅបាត់ខ្លួន០៣នាក់ទៀត និងមិនទាន់ដឹងពីជោគវាសនាយ៉ាងណានៅឡើយ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចឲ្យដឹងបន្ថែមថា ក្នុងចំណោមក្មេង២នាក់ដែលស្រង់បាន បច្ចុប្បន្នមានក្មេងស្រីម្នាក់បានស្លាប់ហើយ។

បើតាមសមត្ថកិច្ចឲ្យដឹងថា ក្មេងៗជំទង់ទាំង០៥នាក់ មានទីលំនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។

រដ្ឋបាលខេត្ត បានឲ្យដឹងថា រសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងប្រតិបត្តិការជួយសង្រ្គោះជនរងគ្រោះដែលបានលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថាជនរងគ្រោះ ដែលបានចុះលេងទឹកសមុទ្រ និងបានលង់ទឹកនៅទីតាំងខាងលើមានចំនួន០៥នាក់ គិតត្រឹមម៉ោង១៨ និង៣០នាទីយប់ ក្រុមសង្រ្គោះរបស់យើងបានស្រង់មនុស្សបានចំនួន០៣នាក់ក្នុងមាន០១នាក់សង្រ្គោះបាន និង០២នាក់បានស្លាប់បាត់បង់ជីវិត ហើយនៅសល់០២នាក់ទៀតនៅបាត់ខ្លួន នៅឡើយ ហើយក្រុមសង្គ្រោះកំពុងមុជទឹកស្វែងរកបន្ត។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានសម្តែងការសោកស្តាយជាខ្លាំងចំពោះឧបទ្ទវហេតុដែលមិនគួរកើតមាននេះ និងចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានដាក់បទបញ្ជាឱ្យក្រុមជួយសង្រ្គោះប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបន្តស្វែងរកជនរងគ្រោះដែលកំពុងបាត់ខ្លួនឱ្យបានឃើញ។

សូមជម្រាបជូនថា គិតត្រឹមម៉ោងនេះ ប្រតិបត្តិការនៃការស្វែងរកជនគ្រោះមិនទាន់បញ្ចប់នៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង