ព្រឹកនេះ គណៈរដ្ឋមន្រ្តីបើកកិច្ចប្រជុំពេញអង្គ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ដែលកំណត់សញ្ជាតិប្រធានស្ថាប័នកំពូលៗ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ គណៈរដ្ឋមន្រ្តីកម្ពុជា នឹងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដោយពិភាក្សា និងអនុម័តលើសេចក្តីព្រាង ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ទាក់ទងនឹងការកំណត់សញ្ជាតិប្រធានស្ថាប័នកំពូលៗរបស់កម្ពុជា។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានការចូលរួមពីសមាជិកនានារបស់រាជរដ្ឋាភិបាលផងដែរ។ របៀបវារៈនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ មានចំនួន៤ដូចខាងក្រោម៖
១៖ សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៤២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅ ធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
២៖ សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូវាងរដ្ឋ និងឯកជន។
៣៖ សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៥។
៤៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជា នូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅ ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះ វិសាមញ្ញ។
ការរៀបចំសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែមនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។
សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»៕