អ្នកជំនាញវិស័យទេសចរណ៏ឯកជន ជំរុញឲ្យ ប្រជាពលរដ្ឋដែលរស់នៅ តំបន់សក្កានុពលធម្មជាតិបឹងទន្លេសាប រៀបចំកែលម្អតំបន់ទេសចរណ៏ ដើម្បីលើកកម្ពស់ជីវភាពបងប្អូន
ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលរស់នៅតំបន់សក្កានុពលធម្មជាតិ អាចកែច្នៃជារមណីយដ្ឋានសហគមន៍ទេសចរណ៍ ក្នុងការលើកកម្ពស់ វិស័យទេសចរណ៍ក្នុងស្រុក ដើម្បីទាក់ទាញភ្ញៀវទេសចរ និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍ ខណៈតំបន់នេះ មានសក្តានុពលធម្មជាតិជាច្រើនសម្រាប់បង្អួតភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោក ហូរ វណ្ឌី អ្នកតំណាងវិស័យទេសចរណ៍ឯកជន បានឲ្យសហការីព័ត៏មានភ្នំពេញរីផតធ័រ ដឹងនៅថ្ងៃទី០៨ តុលា ២០២១នេះថា៖ វិស័យទេសចរណ៍បានចូលរួមចំណែកកសាង សេដ្ឋកិច្ច សង្គម និងផ្តល់ឱកាសការងារ ប្រាក់ចំណូល លើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ហើយក៏រួមចំណែកជំរុញកំណើន ផលិតផល ក្នុងស្រុក ។
លោកបានបន្តថា ការអភិវឌ្ឍន៍ទេសចរណ៍វាបានចូលរួមចំណែកយ៉ាងសកម្មដល់កិច្ចអភិ វឌ្ឍន៍ថែរក្សាការពារ និងអភិរក្សសម្បត្តិ វប្បធម៌ប្រវត្តិសាស្ត្រ និង ធនធានធម្មជាតិ។
លោកបានបញ្ជាក់ថា តំបន់ជុំវិញបឹង ទន្លេសាបមានសក្តានុពល អេកូទេសចរណ៍ ដែលភ្ជាប់ដោយវប្បធម៌ប្រពៃណីនៃការរស់នៅរបស់ប្រជាជន រីឯតំបន់តាមដងទន្លេមេគង្គភ្ជាប់បឹងទន្លេសាប ទន្លេបាសាក់ វាមានសក្តានុពលអេកូទេសចរណ៍និងវប្បធម៌ជាពិសេសភាពទាក់ទាញនៃការទស្សនាតាមផ្លូវទឹក។ ការជីកព្រែកការស្តារក្នុងករណីព្រែកធម្មជាតិ ក៏អាចទាញយកអត្ថប្រយោជន៍ពីធម្មជាតិដល់សហគមន៍ ដល់បងប្អូនប្រជាពលរដ្ឋ នៅសហគមន៍ ។ ទន្ទឹមនឹងនេះក៏បានផ្តល់អត្ថប្រយោជន៍ច្រើន ដល់សហគមន៍ ទី១ ការជីកព្រែក វាអាចសន្សំទឹក បងប្អូននៅទីនោះបាន បង្កបង្កើនកសិផលនិងដំណាំផ្សេងៗ ទី២ ប្រជាពលរដ្ឋខ្លះអាជីវកម្មខ្នាតតូចអាចមកធ្វើការទាក់ទាញ អ្នកទេសចរធ្វើដំណើរខាងក្រៅ ដោយការទាញយកពីផលប្រយោជន៍ធម្មជាតិ ដើម្បីបានផលប្រយោជន៍ខ្លួនឯងប្រយោជន៍សហគមន៍ និងប្រយោជន៍សង្គមជាតិ អាចកើតឡើងបានចំណូលសេដ្ឋកិច្ចក្នុងគ្រួសារ ។
សូមបញ្ជាក់ថា តំបន់សក្តានុពលទេសចរណ៍នៅកម្ពុជា មានច្រើនប្រភេទចម្រុះគ្នា រួមមានវប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ ការកម្សាន្ត បែបផ្សងព្រេង និងផលិតផលថ្មីៗដែលបានបង្កើតឡើង ដែលទាំងអស់នេះមានភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់ទីផ្សារទេសចរណ៍ ក្នុងស្រុកនិងអន្តរជាតិ៕ សំរិត