ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្សី ​នឹង​ត្រៀម​ខ្លួន​ជា​និច្ច ​ធ្វើ​កិច្ច​សហប្រតិបត្តិការ ​​ជួស​ជុល​ និង​ធ្វើ​ឲ្យ​ទំនើប​កម្ម​អាវុធ​យុទ្ធភណ្ឌ​ និង​គ្រឿង​បច្ចេក​ទេស​យោធា របស់​កង​យោធពល​ខេម​រភូមិន្ទ

66


ភ្នំពេញ៖ ក្រសួងការពារជាតិ នៅថ្ងៃទី១ ខែកញ្ញានេះ បានផ្សព្វផ្សាយថា ក្នុង​អំឡុង​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​សហព័ន្ធ​រុស្សី​កាល​ពី​ពេល​ថ្មីៗ​នេះ ​គណៈ​ប្រតិភូ​យោធា​ជាន់​ខ្ពស់​កម្ពុជា​ដែល​ដឹក​នាំ​ដោយ ​​លោកនាយ​ឧត្តមសេនីយ៍ ​នាង​ ផាត​ រដ្ឋលេខា​ធិការ​ ក្រសួង​ការពារ​ជាតិ​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​រួម​ជា​មួយ​​នាយ​ទាហាន​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត ​បាន​អញ្ជើញ​ទៅ​ចូល​រួម​ទស្សនា​វេទិកា​ពិព័រណ៍​​បច្ចេកទេស​យោ​ធា​ អន្តរ​ជាតិ​(Army 2018)​ នៅ​ទីក្រុង​ម៉ូស្គូ​ សហព័ន្ធ​រុស្សី​ និង​ពិធី​ចុះ​ហត្ថ​លេខា​ លើ​កិច្ច​ព្រម​ព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​សហព័ន្ធ​រុស្សី​ ស្ដី​​​​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​កង​ទ័ព​ទាំង​២ ​កម្ពុជា-រុស្សី​ទៀត​ផង​។

គណៈប្រតិភូ​ដែល​ដឹក​នាំ​ដោយ​ លោកនាយ​ឧត្តមសេនីយ៍​ នាង ផាត​ ដោយ​មាន​វត្ត​មានរ​បស់ ​ឯកអគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​សហព័ន្ធរុស្ស៊ី​ផង​ដែរ​ បាន​ចុះ​ហត្ថលេខា​ជា​មួយ​សម​ភាគី​រុស្ស៊ី ​ដែល​​ដឹកនាំដោយ លោក នាយ​ឧត្តម​សេនីយ៍ ​A.FOMIN អនុរដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​រុស្ស៊ី​ លើ​កិច្ច​ព្រម​ព្រៀង​រវាង​ រាជរដ្ឋា​ភិបាល​កម្ពុជា​ និង​រាជរដ្ឋា​ភិបាល​សហព័ន្ធ​រុស្សី​ ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​យោធា​។​ លោក នាយ​ឧត្តមសេនីយ៍​ A.FOMIN បាន​ថ្លែង​ថា​៖​ ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ​ គឺ​ជា​ការ​បើក​ឡើង​នូវ​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​ទៀត​ នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​យោធា​ ដែល​​យើង​​ធ្លាប់​មាន​ប្រពៃ​ណី​ទំនាក់​ទំនង​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​ រវាង​កម្ពុជា​ និង​រុស្សី​។​ ហើយ​នេះ​ជា​គ្រឹះ​ដែល​ធ្វើ​ឲ្យ​កាន់​តែ​រឹង​មាំ​ថែម​ទៀត​ រវាង​ប្រទេស​ទាំង​ពីរ​ ដែល​បាន​ភ្ជាប់​ទំនាក់​ទំនង​ការ​ទូត​តាំង​ពី​ឆ្នាំ​១៩៥៦មក​ម្ល៉េះ​ យើង​ត្រូវ​ពង្រឹង​ និង​ពង្រីក​ទំនាក់​ទំនង​នេះ​ឲ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត។​ ​កន្លង​មក​សហព័ន្ធរុស្ស៊ី​បាន​ជួយ​​បណ្ដុះ​បណ្ដាល​នាយ​ទាហាន​ នៃ​កងយោធពលខេមរភូមិន្ទ ​បាន​សរុប​ចំនួន​១.៤០០​នាក់ ​ហើយ​បច្ចុប្បន្ន​នេះ​មានកងយោធពលខេមរភូមិន្ទចំនួន​២៨៩​នាក់​ទៀត​ កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​។​ លោកនាយ​ឧត្តមសេនីយ៍​ A.FOMIN បាន​ថ្លែង​បន្ត​ថា៖ ​រុស្សី​មាន​បំណង​ចង់​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ជា​មួយ​នឹង​​កម្ពុជា​ ក្នុង​វិស័យ​ដោះ​មីន​ ដូច្នេះ​រុស្ស៊ី​ នឹង​អញ្ជើញ​អ្នក​ជំនាញដោះ​មីន​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ មក​សិក្សា​មុខ​វិជ្ជា​ដោះ​មីន​នៅ​រុស្ស៊ី​។ ប្រទស​រុស្សី ​នឹង​ត្រៀម​ខ្លួន​ជា​និច្ច​ធ្វើ​កិច្ច​សហប្រតិបត្តិការ ​ក្នុង​ការ​ជួស​ជុល​ និង​ធ្វើ​ឲ្យ​ទំនើប​កម្ម​អាវុធ​យុទ្ធភណ្ឌ​ និង​គ្រឿង​បច្ចេក​ទេស​យោធា របស់​កង​យោធពល​ខេម​រភូមិន្ទ​ផង​ដែរ​ ​។

ក្នុង​ថ្ងៃ​ចាប់​ផ្តើម​ពិធី​ លោក ​ប្រធានា​ធិបតី​សហព័ន្ធ​រុស្សី​ វ៉្លា​ឌី​មៀ ​ពូ​ទីន​ បាន​ផ្ញើ​សារ​តាម​កញ្ចក់​ទូរទស្សន៏៍ដើម្បី​អបអរសាទរ​ក្នុង​ដំណើរ​ការ​បើកកម្ម​វិធី​ ដែល​ក្នុង​នោះ លោក​ ប្រធានា​ធិបតី ​បាន​បញ្ជាក់​ថា៖​ ព្រឹត្តិការណ៏​ពិព័រណ៍​បច្ចេក​ទេស​យោធា​អន្តរជាតិ(Army 2018)នេះ​គឺ​ ជា​ការ​សំដែង​នូវ​ទំនុក​ចិត្ត​គ្នា​រវាង​សម​ភាគី​រុស្សី​ទាំង​អស់​នៅ​លើ​ពិភព​លោក​។

បន្ទាប់​មក​ លោក YURI ​BO​RISOV ​ឧបនាយក​រដ្ឋមន្ត្រី​រុស្សី ​បាន​អញ្ជើញ​ឡើង​ថ្លែង​បើក​ព្រឹត្តិការណ៍ ​ដោយ​បាន​សង្កត់​ធ្ងន់​ថា៖​ នេះ​ជា​ឆ្នាំ​ទី​៤ ​នៃ​ការ​រៀប​ចំ​ពិព័រណ៍បច្ចេក​ទេស​យោធា​អន្តរជាតិ ​ដែល​ជា​ការ​ចាប់​ផ្តើម​នៃ​របត់​ថ្មី​មួយ​ទៀត​​ នៅ​ក្នុង​បច្ចេក​ទេស​យោធា​របស់​យើង​ជា​មួយ​ពិភព​លោក​។​ នៅ​ក្នុង​ការ​ថ្លែង​បើក​ ព្រឹត្តិការណ៍​នេះ​ផង​ដែរ​ លោក​នាយ​ឧត្តមសេនីយ៍ ​សៀ​ហ្គេ​ សូហ្គូ ​រដ្ឋមន្ត្រី​ក្រសួង​​ការ​ពារ​ប្រទេស​រុស្ស៊ី ​បាន​សង្កត់​ធ្ងន់​ថា​៖​ នេះ​ជា​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ក្នុង​វិស័យ​បច្ចេក​ទេស​យោធា​រវាង​អ្នក​ឯកទេស​រុស្សី ​និង​អ្នក​ឯក​ទេស​នៃ​ប្រទេស​ផ្សេង​ៗ​ ហើយ​ក៏​ជា​ការ​ធា​នា​សន្តិសុខ​សុវត្ថិភាព​ក្នុង​តំបន់​ និង​នៅ​ក្នុង​ពិភព​លោក​ផង​ដែរ​។​ បន្ទាប់​មក​គណៈ​ប្រតិភូ​ ក៏​បាន​ទៅ​ទស្សនា​សម​យុទ្ធ​ ដែល​ជា​បទ​ពិសោធន៍​របស់​កង​ទ័ព​រុស្សី​ ធ្លាប់​បាន​អនុវត្ត​នា​ពេល​កន្លង​មក​ទប់​ទល់​នឹង​ក្រុម​ភេរវ​កម្ម​ISIS​ នៅ​​ក្នុង​ប្រទេស​ស៊ីរី​ទៀត​ផង​។​ គណៈ​ប្រតិភូ​ក៏​​បាន​​អញ្ជើញ​ទៅ​ទស្សនា​អាវុធ​ធុន​ធ្ងន់​,​ធុន​ស្រាល​,​សម្ភារ​សឹក​ជា​ជ័យ​ភណ្ឌ​ដែល​កង​ទ័ព​រុស្ស៊ី​ដណ្ដើម​បាន​ និង​រឹប​អូស​បាន​ពី​ក្រុម​អាយ​ស៊ីស​ នៅ​ក្នុង​ប្រទេស​ស៊ីរី​។​ ព្រម​ទាំង​បាន​ទស្សនា​ការ​តាំង​សព្វាវុធ​ និង​គ្រឿង​បច្ចេកទេស​ និង​បច្ចេក​វិទ្យា​ទំនើប​ចុង​ក្រោយ​របស់​រុស្សី​។

គួរ​បញ្ជាក់​ថា ​ក្នុង​ព្រឹត្តិ​ការណ៍​ពិព័រណ៍​បច្ចេក​ទេស​យោធា​អន្តរជាតិ​(Army2018) ​នៅ​​ទី​ក្រុង​ម៉ូស្គូ​ សហ​ព័ន្ធ​រុស្សី​មាន​សហគ្រាស​ និង​ក្រុម​ហ៊ុន​របស់​រុស្ស៊ី​ និងបរទេស​ប្រមាណ១.៤០០​​ក្រុម​ហ៊ុន ​ដែល​ចូល​រួម​ដាក់​ តាំង​ពិព័រណ៍​ផលិត​ផល​យោធា​របស់​ខ្លួន​ និង​មាន​តំណាង​មក​ពី​១១៨ ប្រទេស​ចូល​រួម​ក្នុង​ពិព័រណ៍ ​ចំណែក​អ្នក​ទស្សនា​មាន​ប្រមាណ​1១លាន​នាក់​៕

MOSCOW REGION, RUSSIA AUGUST 21, 2018: A 9M337 Sosna-R anti-aircraft missile system on display at the Army 2018 International Military and Technical Forum, in Patriot Park. Mikhail Tereshchenko/TASS (Photo by Mikhail TereshchenkoTASS via Getty Images)
MOSCOW REGION, RUSSIA AUGUST 21, 2018: A Mil Mi-28NE attack helicopter on display at the Army 2018 International Military and Technical Forum, in Patriot Park. Mikhail Tereshchenko/TASS (Photo by Mikhail TereshchenkoTASS via Getty Images)

អត្ថបទដែលជាប់ទាក់ទង