អភិបាលរាជធានីជំរុញ ឲ្យអាជ្ញាធរខណ្ឌទាំង១៤ អនុវត្តឲ្យបាន ម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ជំងឺកូវី-១៩ ដូចនេះរាល់ការចេញ-ចូល គ្រឹះស្ថានសិក្សា ផ្សារ និងទីតាំង អាជីវកម្មដ្ឋាននានា ត្រូវ បង្ហាញបណ្ណចាក់វាក់សាំង
ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវី-១៩ ដើម្បីឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗ ខាងមុខនេះ។
ការជំរុញបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) នៅរសៀល
ថ្ងៃទី១១ខែតុលានេះ ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធនឹងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រែង បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីបង្ការនិងទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ បាន
ដាក់ចេញនូវគោលការណ៍ថ្មីៗមួយចំនួនទៀត ដូចជា រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញត្រូវ បង្ហាញបណ្ណចាក់វាក់សាំងកូវីដ-១៩ ឬ បណ្ណចាក់ចាំក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិត បញ្ជាក់ការចាក់ចាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីយើងទប់ស្កាត់កូវីដ-១៩ ឲ្យបានល្អប្រសើរ ចៀសវាងការរីករាលដាលបន្តទៀត ហើយកិច្ចការងារនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញនូវសេចក្តីជូនដំណឹងរួចហើយដែរ កាលពីសប្តាហ៍មុននេះ។ដូច្នេះលោកអភិបាលរាជធានីសូមអោយអាជ្ញាធរខណ្ឌខណ្ឌទាំង១៤ ត្រូវអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ។ លោកជឿជាក់ថា បើយើងអនុវត្តការងារនេះ បានល្អប្រសើរ និងមានភាពម៉ឺងម៉ាត់នោះ វានឹងកាត់បន្ថយបាននូវការរីករាលដាលជំងឺកូវីដ-១៩ បន្តទៀត៕