ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន ទទួលអំណោយមនុស្សធម៌ពី ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូង ចំនួនជាង ៣២លានរៀល សម្រាប់ជួយសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩

128

ព្រះសីហនុ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងសហការី ដែលបានចូលរួមបរិច្ចាគថវិកាចំនួនជាង ៣២លានរៀល សម្រាប់ជួយសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងសហការី ដែលបាននាំយកថវិកាឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ក្នុងកាសាងសង់អគារតេជោ ព្យាបាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការព្យាបាលជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ព្រោះជំងឺកូវីដ-១៩ មិនដឹងពេលណាត្រូវបានបញ្ចប់នោះទេ គឺមានតែការសាងសង់អគារសម្រាប់ព្យាបាលតែប៉ុណ្ណោះសម្រាប់ធានានិរន្តរភាពការព្យាបាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងរបស់យើង។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងនាមសម្តេចតេជោ និងក្នុងនាមរដ្ឋបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមថ្លែងអំណរគុណឯកឧត្តមទាំងពីរ និងបងប្អូនសប្បុរសជនដែលបានចូលរួមជាមួយរដ្ឋបាលខេត្តសាងសង់អគារតេជោ សម្រាប់ព្យាបាលជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋនាពេលនេះ។ កន្លងមករដ្ឋបាលខេត្ត បានធ្វើការជួសជុលអគារព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត អាចដាក់អ្នកជំងឺបានជាង ៤០នាក់ប៉ុណ្ណោះ មិនអាចឆ្លើយតបតាមតម្រូវការនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងខេត្តបានទេ។ ជាមួយគ្នានេះរដ្ឋបាលខេត្ត បានជួលអគារសម្រាប់ព្យបាលជំងឺកូវីដ-១៩ រហូតមកដល់បច្ចុប្បន្ននេះនៅសល់ចំនួន៤ទីតាំងទៀតកំពុងដំណើរការព្យាបាលជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា អគារតេជោព្យាបាលជំងឺកូវីដ-១៩ សាងសង់នៅ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានទទឹង៣៣ម៉ែត្រ បណ្តោយ៩០ម៉ែត្រ អាចដាក់គ្រែបាន ៣៥៦គ្រែ (គ្រែមួយជាន់) ជាអគារលំហរ មានសួនច្បារខាងមុខ និងកន្លែងហាត់ប្រាណផងដែរ៕

អត្ថបទដែលជាប់ទាក់ទង