ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា នៅខេត្តកែបបានបញ្ចប់

378

 

ភ្នំពេញ៖វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា នៅខេត្តកែបដែលបានដំណើការពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធបច្ចេកវិទ្យា Zoomបានបញ្ចប់ហើយ ។

នេះគឺជាវគ្គសិក្សាលើកទី៣សម្រាប់ឆ្នាំ២០២១នេះវគ្គរដ្ឋបាលកីឡានេះត្រូវបានធ្វើឡើង២លើករួចមកហើយគឺនៅភ្នំ
ពេញនិងខេត្តតាកែវវគ្គទី៤នឹងធ្វើនៅខេត្តរតនគីរីនាដើមខែវិច្ឆិកាខាងមុខនេះ ។

ឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)និងជាគ្រូឧទ្ទេសប្រចាំវគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡា នៅខេត្តកែប (តាមប្រព័ន្ធ Zoom) បានចែករំលែកចំណេះដឹងជូនដល់សិក្ខាកាម ដោយក្រៅអំពីមូលដ្ឋានគ្រឹះនៃវគ្គសិក្សា ឯកឧត្តមក៏បានបញ្ជ្រាបការផ្សាព្វផ្សាយអំពីសារសំខាន់នៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានលើកទឹកចិត្តចំពោះលោកគ្រូ អ្នកគ្រូ ដែលជាសិក្ខាកាមអោយផ្តោតការយកចិត្តទុកដាក់ឲ្យបានខ្ពស់ ដើម្បីប្រមូលធាតុចូលនូវចំណេះដឹងក្នុងវិស័យកីឡាឲ្យកាន់តែស៊ីជម្រៅ និងយកទៅអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

គ្រូឧទ្ទេសប្រចាំវគ្គមាន៣រូប គឺលោកព្រឹទ្ធបុរសវេជ្ជបណ្ឌិត សុខ សារឿន ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា សិស្ស-និស្សិតនៃក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC។ វគ្គរដ្ឋបាលកីឡានេះ ផ្តោតសំខាន់លើខ្លឹមសារវេជ្ជសាស្ត្រកីឡា ការធ្វើការជាមួយអ្នកស្ម័គ្រចិត្ត រៀបចំព្រឹត្តិការណ៍ រៀបចំអង្គប្រជុំ ទំនាក់ទំនង ស្ត្រី និងកីឡា ប្រវត្តិចលនាអូឡាំពិក និងរចនាសម្ព័ន្ធ អង្គការសាមគ្គីអូឡាំពិក ការលេងដោយយុត្តិធម៌ ភាពជាអ្នកដឹកនាំ ផែនការកម្មវិធីហ្វឹកហាត់កីឡា និងផែនការធ្វើដំណើររបស់គណៈប្រតិភូ។

ក្រៅពីគោលដៅសំខាន់ៗនៃវគ្គសិក្សានេះ គ្រូឧទ្ទេសក៏បានបញ្ជ្រាបការផ្សព្វផ្សាយនូវគោលដៅចម្បងនៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីជួយជំរុញឲ្យវិស័យកីឡានៅខេត្តគោលដៅទាំងអស់ កាន់តែមានភាពរីកចម្រើនបន្ថែមទៀត ជាពិសេសគឺគោលដៅរួមគ្នាអភិវឌ្ឍឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង