ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមូលកីឡាជនពិការ ចំនួន៦ប្រភេទ ដើម្បីចូលរួមព្រឹត្តិការណ៍ ASIAN Para Games

114

ភ្នំពេញ: លោកហង់ជួន ណារ៉ុនរដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និង កីឡានាព្រឹកថ្ងៃទី១ កញ្ញា បានចូលរួមពិធីប្រកាស ប្រមូលផ្ដុំកីឡាជនពិការចំនួន៦ប្រភេទ ដើម្បីត្រៀមចូលរួម ប្រកួតកីឡាអាស៊ីជនពិការ (ASIAN Para Games) នៅប្រទេសឥណ្ឌូនេស៊ី ។

​បើតាមការឲ្យដឹង ពីលោកយី វាសនា អគ្គលេខា នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម នឹងចាប់ផ្ដើម ពីថ្ងៃទី១ ដល់ទី១៤តុលា នាប្រទេសឥណ្ឌូនេស៊ី ។ កម្ពុជាបានសម្រេច ប្រមូលផ្ដុំកីឡាចំនួន៦ប្រភេទ រយៈពេលមួយខែដែលកីឡាទាំង៦ប្រភេទនោះមានហែលទឹក អត្តពលកម្ម បាញ់ធ្នូ វាយកូនឃ្លីលើតុបាល់បោះនារី ជិះរទេះ និង ប៊ូលីង ។

​កីឡាទាំង៦ប្រភេទនេះ មាន៤៦វិញ្ញាសា និង មានអត្តពលិក ចំនួន២៩រូប តែបើគិតទាំង ប្រតិភូមានសរុប៤៥រូប ក្នុងនោះ មួយរូប ជាមន្ត្រីមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ។ កម្ពុជាបានចូលរួមក្នុងការប្រកួត កីឡាជនពិការអាស៊ីនេះ តាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ ហើយមកទល់ពេលនេះ កីឡាជនពិការដណ្ដើមបានមេដាយសរុប ចំនួន១៥៩គ្រឿងដែលក្នុងនោះ មេដាយមាស២២គ្រឿង ប្រាក់៧៨គ្រឿង និងសំរិទ្ធ៥៩គ្រឿង ។

​ជាមួយនឹងការប្រកាស ប្រមូលផ្ដុំនេះ លោកយី វាសនាបានសំណូមពរដល់លោករដ្ឋមន្ត្រី សុំហ្វឹកហាត់ប្រភេទកីឡាមួយចំនួន ក្នុងទីលាននានា ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិកពិសេស ប្រភេទកីឡាហែលទឹក អត្តពលកម្ម បាល់បោះនារីជិះរទេះ និងប្រភេទកីឡាមួយចំនួនទៀត ។

​លោកហង់ ជួន ណារ៉ុន បានយលព្រម និងប្រកាសថាថវិកាបំប៉នសម្រាប់កីឡាជនពិការដូចគ្នានឹងថវិការបំប៉នកីឡាជម្រើសជាតិធម្មតា ប្រាក់រង្វាន់មេដាយក៏ដូចគ្នា ។លោករដ្ឋមន្ត្រីក៏សុំឲ្យគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាអនុញ្ញាតឲ្យមន្ត្រី មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡាចូលរួមជាមួយដើម្បីស្រាវជ្រាវមើល ពីប្រភេទកីឡានានារបស់ប៉ារ៉ាឡាំពិក ដើម្បីឲ្យដឹងថាប្រភេទ កីឡាណាយើង មាន សក្ដានុពលដើម្បីយើងបង្កើន ប្រភេទកីឡា ឲ្យបានច្រើនត្រៀមឆ្នាំ២០២៣ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

​លោកអ៊ុក សិទ្ធិជាតិអគ្គនាយកីឡា នៃក្រសួងអប់រំយុវជន និង កីឡាអះអាងពីការជួយសម្រួល ដល់កិច្ចការទាំងឡាយ របស់ប៉ារ៉ាឡាំពិក ៕

អត្ថបទដែលជាប់ទាក់ទង