ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ដ្រីក្រសួងកិច្ចនារីកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្រ្តី អាស៊ានលើកទី៤ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមប្រធានបទ «សេដ្ឋកិច្ច ឌីជីថល និងបរិយាប័ន្នហិរញ្ញវត្ថុ ក្នុងការបង្កើនភាពប្រកួតប្រជែង របស់ស្រ្តីអាស៊ាន»

58

ភ្នំពេញ ៖ រដ្ឋាភិបាល នៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី បានដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ស្រ្តីអាស៊ានលើកទី៤ និងកិច្ចប្រជុំពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ «សេដ្ឋកិច្ច ឌីជីថល និងបរិយាប័ន្នហិរញ្ញវត្ថុ ក្នុងការបង្កើនភាពប្រកួតប្រជែង របស់ស្រ្តីអាស៊ាន» ដែលមានការចូលរួម ពីសំណាក់រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការស្រ្តី នៃប្រទេសជាសមាជិកអាស៊ានទាំង១០ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្រ្តីអាស៊ានលើកទី៤ ត្រូវបានចាប់ផ្ដើមដោយសុន្ទរកថា ស្វាគមន៍របស់លោកស្រី I Gusti Ayu Bintang Darmawati រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការស្ត្រី និងកិច្ចការពារកុមារនៃប្រទេសឥណ្ឌូនេស៊ី។ លោកស្រីបានឆ្លុះបញ្ចាំងពីសារៈសំខាន់ នៃការបញ្ជ្រាបយេនឌ័រ សិទ្ធិស្ត្រីនិងកុមារ និងការបញ្ចូលវត្តមានរបស់ស្ត្រី លើគ្រប់វិស័យ។ ការលើកឡើងនេះ ត្រូវបានគាំទ្រពេញទំហឹងពីលោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី និងលោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន ។

អគ្គលេខាធិការអាស៊ាន បានលើកឡើង អំពីការទទួលស្គាល់នៃសំណាក់ថ្នាក់ដឹកនាំរបស់ប្រទេស ក្នុងសហគមន៍អាស៊ានទៅលើតួនាទី និងពីការរួមចំណែក ដែលមិនអាចខ្វះបានរបស់ស្ត្រីចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការថែរក្សាសន្តិភាព និងសន្តិសុខទូទាំងពិភពលោក និងក្នុងតំបន់អាស៊ាន តាមរយៈកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំស្ត្រីអាស៊ានលើកដំបូង ដែលបានដឹកនាំដោយប្រទេសវៀតណាមកាលពីឆ្នាំ២០២០ ក្រោមប្រធានបទ «តួនាទីស្ត្រីក្នុងការកសាង សហគមន៍អាស៊ាន ប្រកបដោយភាពស្អិតរមួត រឹងមាំ ចីរភាពនិងបរិយាប័ន្នក្រោយវិបត្តិកូវីដ-១៩» និងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ស្តីពីការផ្តល់ភាពអង់អាច ដល់ស្ត្រី ក្នុងយុគសម័យឌីជីថល ថ្នាក់ដឹកនាំនៃប្រទេសក្នុងសហគមន៍អាស៊ានក៏បានបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់សុខុមាលភាព និងការអភិវឌ្ឍរបស់ស្ត្រី និងកុមារទាំងអស់នៅក្នុងតំបន់អាស៊ាន ធ្វើឲ្យកាន់តែប្រសើរឡើង នូវលទ្ធភាពទទួលបាននិងឆ្លើយតប នឹងបញ្ហាប្រឈមនានា ដែលជះឥទ្ធិពលពីការអភិវឌ្ឍដ៏ឆាប់រហ័ស នៃបច្ចេកវិទ្យាគមនាគមន៍ និងបញ្រ្ជាបនូវតម្រូវការស្ត្រីនិងកុមារឆ្លើយតបនឹងជំងឺកូវីដ-១៩ ក៏ដូចជាភាពធន់និងការស្តារឡើងវិញពីវិបត្តិនៃជំងឺផងដែរ។

កម្មវិធីបើកកិច្ចប្រជុំ ត្រូវបានបញ្ចប់ដោយសុន្ទរកថារបស់លោក Dao Ngoc Dung រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចរបស់ប្រទេសវៀតណាម ដែលជាអតីតប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្រ្តីអាស៊ាន។ នៅក្នុងសុន្ទរកថារបស់លោក ក៏បានបង្ហាញផងដែរនូវសមិទ្ធផល និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ាន លើការជំរុញឲ្យមានសមភាពយេនឌ័រ និងផ្ដល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូប ក្នុងកំឡុងឆ្នាំ២០១៨-២០២១។

លោកស្រី Lenny N. Rosalin អនុរដ្ឋមន្រ្តីទទួលបន្ទុកសមភាពយេនឌ័រ នៃក្រសួងកិច្ចការស្ត្រី និងកិច្ចការពារកុមារនៃប្រទេសឥណ្ឌូណេស៊ី និងជាប្រធាន របស់គណៈកម្មាធិការ អាស៊ានដើម្បីស្រ្តី បានរាយការណ៍ពីការអភិវឌ្ឍថ្នាក់តំបន់ ក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្រ្តីអាស៊ានលើកទី៣មក ព្រមទាំងបាន លើកឡើងនូវសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានដោយគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី រួមមានការបង្កើតឲ្យមានក្របខ័ណ្ឌ យុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្នុងតំបន់អាស៊ាន របៀបវារៈសកម្មភាពស្តីពីការផ្ដល់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងសេចក្តីថ្លែងការណ៍ស្តីពី ការអនុវត្តការឆ្លើយតបនឹងយេនឌ័រក្នុងចក្ខុវិស័យឆ្នាំ២០២៥របស់សហគមន៍អាស៊ាន និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលឯកសារទាំងពីរនេះ បានអនុម័តដោយថ្នាក់ដឹកនាំនៃប្រទេសសមាជិកអាស៊ានទាំងអស់។

នៅក្នុងកិច្ចពិភាក្សាផ្លាស់ប្ដូរយោបល់ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្រ្តីអាស៊ានលើកទី៤ ក្រោមប្រធានបទ «សេដ្ឋកិច្ចឌីជីថលនិងបរិយាប័ន្នហិរញ្ញវត្ថុ ក្នុងការបង្កើនភាពប្រកួតប្រជែង របស់ស្រ្តីអាស៊ាន» នេះ លោកអគ្គលេខាធិការអាស៊ាន និងបណ្ដារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការស្រ្តី ឬជាប្រធាននៃគណៈប្រតិភូ ប្រចាំប្រទេស ដែលជាសមាជិកអាស៊ានទាំងអស់ បានបង្ហាញនូវចំណាប់អារម្មណ៍លើសារសំខាន់ និងភាពបន្ទាន់នៃការលើកកម្ពស់បរិយាប័ន្ន និងការឆ្លើយតបនឹងយេនឌ័រក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ក៏ដូចជាបរិយាប័ន្នហិរញ្ញវត្ថុតាមរយៈបច្ចេកវិទ្យា បានចែករំលែកនូវការអនុវត្តល្អៗនិងមេរៀនបទពិសោធន៍ ព្រមទាំងដាក់ចេញនូវអនុសាសន៍និងចំណុចអាទិភាពនានា។

រដ្ឋមន្រ្តីគ្រប់រូប ក៏បានផ្លាស់ប្ដូរយោបល់លើបញ្ហាប្រឈមថ្មីៗ ដែលស្ត្រីនិងក្មេងស្រីបានជួបប្រទះនៅក្នុងតំបន់អាស៊ាន ព្រមទាំងផ្ដល់ការណែនាំ ជាយុទ្ធសាស្រ្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ាន ដើម្បីកំណត់បញ្ហាប្រឈមទាំងនោះប្រកបដោយប្រសិទ្ធភាព។

លោកស្រីកត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីនៃក្រសួងកិច្ចការនារីនៃប្រទេសកម្ពុជា ក៏បានលើកឡើងដូចគ្នាថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកស្រ្តីជាឆ្អឹងខ្នង នៃសង្គមនិងសេដ្ឋកិច្ចជាតិ ដូច្នេះទើបបានដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាព ដោយយកសមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្រ្តី ជាចំណុចស្នូលនៃវិធានការឆ្លើយតបនឹងការរីករាលដាលនានា ក៏ដូចជាគោលនយោបាយក្នុងក្របខ័ណ្ឌជាតិស្តារឡើងវិញនូវសេដ្ឋកិច្ច-សង្គម។

លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី ក៏បានថ្លែងផងដែរថា នៅឆ្នាំ២០២២ ខណៈពេលកម្ពុជាទទួលតំណែងជាប្រធាន នៃកិច្ចប្រជុំកំពូលអាស៊ាន រាជរដ្ឋាភិបាល នឹងដឹកនាំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្រ្តីអាស៊ានលើកទី២ ដែលមានប្រធានបទស្របគ្នា នឹងប្រធានបទនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្រ្តីអាស៊ានលើកទី៤នេះ។

អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាអគ្គលេខាប្រតិបត្តិនៃអង្គការ UN-ESCAP ត្រូវបានអញ្ជើញឲ្យធ្វើបទបង្ហាញពាក់ព័ន្ធ នឹងរបាយការណ៍រួមរបស់អាស៊ាន ស្តីពីការឆ្លើយតបនឹងការងារថែទាំ គ្មានប្រាក់កម្រៃក្នុងតំបន់អាស៊ាន និងបង្ហាញពីចំណុចអាទិភាពនៃកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២១-២០២២ និងឆ្នាំក្រោយៗទៀត។

សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្រ្តីអាស៊ានលើកទី៤ ត្រូវបានអនុម័តដោយបញ្ជាក់យ៉ាងច្បាស់ពីផលប៉ះពាល់យេនឌ័រក្នុងការរីករាលដាលនៃជំងឺកូវីដ-១៩ លើស្ត្រីនិងក្មេងស្រី ព្រមទាំងផលប៉ះពាល់លើឱកាសដែលពួកគេអាចទទួលផលពីបរិវត្តន៍កម្មឌីជីថល។ បញ្ហានេះជំរុញឲ្យគណៈកម្មាធិការអាស៊ាន បន្តភារកិច្ចអនុវត្តន៍ យ៉ាងពេញលេញនូវផែនការការងារ៥ឆ្នាំ (ឆ្នាំ២០២១-២០២៥) ដោយផ្តោតលើវិស័យអាទិភាពសំខាន់ៗដូចជា ទិន្នន័យយេនឌ័រនិងស្ថិតិ ការបញ្ជ្រាបយេនឌ័រ ការឆ្លើយតបនឹងយេនឌ័រក្នុងបម្រែបម្រួលអាកាសធាតុនិងភាពធន់ជាមួយគ្រោះមហន្តរាយ វិធីសាស្រ្តយេនឌ័រ ក្នុងការពង្រឹងសុវត្ថិភាព និងកិច្ចការពារស្ត្រីនិងក្មេងស្រី ស្ត្រី សន្តិភាពនិងសន្តិសុខ ការផ្ដល់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនិងការងារក្នុងពេលអនាគត ការឆ្លើយតបយេនឌ័រ ក្នុងអភិបាលកិច្ចនិងភាពជាអ្នកដឹកនាំ ព្រមទាំងលើកកម្ពស់សមភាពយេនឌ័រនិងផ្តល់ភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី នៅក្នុងគ្រប់វិស័យ នៃអាស៊ាននិងដៃគូអភិវឌ្ឍន៍នានា។

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្រ្តីអាស៊ានលើកទី៥ នឹងដឹកនាំដោយប្រទេសមីយ៉ាន់ម៉ា ក្នុងកំឡុងសប្ដាហ៍ទី២ ខែតុលា ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង