ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសភិបាលធនាគារជាតិនៃកម្ពុជា បានស្នើឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ បន្តផ្តល់កិច្ចសហប្រតិបត្តិការគាំទ្របន្ថែមទៀត ដល់ប្រទេសសមាជិកអាស៊ាន

105

ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចូលរួមកិច្ចប្រជុំតុមូលតាមប្រព័ន្ធអនឡាញ ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ និងអាស៊ាន ដែលមានការចូលរួមពីថ្នាក់ទេសាភិបាលធនាគារកណ្តាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន។

កិច្ចប្រជុំនេះរៀបចំឡើងប្រចាំឆ្នាំ ក្នុងគោលបំណងផ្តល់ឱកាស ដល់ថ្នាក់ដឹកនាំវិស័យហិរញ្ញវត្ថុក្នុងអាស៊ាន បានជួបពិភាក្សាជាមួយនាយិកាមូលនិធិរូបិយវត្ថុ ពាក់ព័ន្ធនឹងទស្សនវិស័យសេដ្ឋកិច្ចតំបន់ បញ្ហាប្រឈម កាលានុវត្តភាព ការអនុវត្តនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងកិច្ចគាំទ្ររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ។

ក្នុងនោះលោក ជា ចាន់តូ បានលើកឡើងពី «កិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនការចាក់វ៉ាក់សាំង ដែលបច្ចុប្បន្នអត្រាប្រជាជនទទួលបានវ៉ាក់សាំង មានប្រមាណជាង៨០ភាគរយនៃប្រជាជនសរុប ខ្ពស់ជាងកម្រិតដែលមូលនិធិរូបិយវត្ថុអន្តរជាតិ បានផ្តល់អនុសាសន៍ដល់ប្រទេសជាសមាជិកថា គួរសម្រេចការចាក់វ៉ាក់សាំងយ៉ាងហោចឱ្យបាន៤០ភាគរយ នៅចុងឆ្នាំ២០២១ និង៧០ភាគរយនៅឆ្នាំ២០២២ សម្រាប់គាំទ្រការងើបឡើងនៃសេដ្ឋកិច្ច»

លោក ជា ចានតូ ក៏បានឯកភាពលើការលើកឡើងរបស់លោកស្រី Kristalina Georgieva ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ និងមតិថ្នាក់ដឹកនាំវិស័យហិរញ្ញវត្ថុអាស៊ាន ដែលលើកឡើងថា ការចាក់វ៉ា់ក់សាំងជាគន្លឹះនៃការងើបឡើងពីវិបត្តិ ហើយលំហនៃការបន្តការប្រើប្រាស់នយោបាយគាំទ្រ និងការគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាកម្លាំងចលករជំរុញល្បឿននៃការងើបឡើង។

លោក ជា ចាន់តូ បានបង្ហាញអំពីសារៈសំខាន់ នៃតួនាទីរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងការគាំទ្រប្រទេសជាសមាជិកអាស៊ាន តាមរយៈការផ្តល់ជំនួយបច្ចេកទេស ការកសាងសមត្ថភាព ហើយក្នុងវិបត្តិកូវីដ១៩នេះ IMF បានបង្កើនវិភាជន៍អេសដេអែ (SDR) សម្រាប់ពង្រឹងជំនឿទុកចិត្ត និងបង្កើនលំហរនៃការអនុវត្តនយោបាយសេដ្ឋកិច្ច។

លោក ជា ចាន់តូ បានបញ្ជាក់ និងបង្ហាញការគាំទ្រលើការលើកឡើងពាក់ព័ន្ធនឹង នយោបាយស្តារសេដ្ឋកិច្ចរបស់ IMF តាមរយៈការប្រើប្រាស់នយោបាយសរុបបញ្ចូលគ្នា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃវិបត្តិ និងគាំទ្រការងើបឡើងនៃសេដ្ឋកិច្ច ដែលឱ្យឈ្មោះថា (Integrated Policies Framework)។

លោកបន្ដថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាកញ្ចប់ ស្របនឹងទិសដៅនេះ ជាមួយនឹងការដាក់ចេញផែនការ នយោបាយស្តារច្បាស់លាស់ ដែលផ្តោតលើការស្តារ ការកែទម្រង់ និងការពង្រឹងភាពធន់ (Recover, Reform and Resilience)។

ធនាគារជាតិនៃកម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងការពង្រឹងស្ថិរភាពប្រព័ន្ធធនាគារ ការគាំទ្រនិរន្តរភាពនៃការផ្តល់ហិរញ្ញប្បទាន ដល់សេដ្ឋកិច្ច ការជួយសម្រាលបន្ទុកដល់ប្រជាជន និងវិស័យសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយបានអនុញ្ញាត ឱ្យមានការរៀបចំឥណទានឡើងវិញ ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន។

លោកទេសភិបាលក៏បានស្នើឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ បន្តផ្តល់កិច្ចសហប្រតិបត្តិការគាំទ្របន្ថែមទៀត ដល់ប្រទេសសមាជិកអាស៊ាន ជាពិសេសនៅក្នុងអំឡុងពេលស្តារសេដ្ឋកិច្ច ជាមួយនឹងបញ្ហាប្រឈមដែលអាចកើតឡើងនាពេលខាងមុខដូចជា លំហការអនុវត្តនយោបាយគាំទ្រកាន់តែរួមតូច និងការប្រែប្រួលការអនុវត្តនយោបាយរូបិយវត្ថុវិត្ថារកម្ម របស់ប្រទេសអភិវឌ្ឍន៍ធំៗដូចជា ការធ្វើប្រក្រតីកម្មនយោបាយ តាមរយៈបង្កើនអត្រាការប្រាក់គោល ឬកាត់បន្ថយការផ្តល់សាច់ប្រាក់ដល់ទីផ្សារ ដែលនាំឱ្យមានការប្រែប្រួលលំហូរមូលធន ចេញពីប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍ និងសម្ពាធលើអត្រាប្តូរប្រាក់ ជាដើម៕

អត្ថបទដែលជាប់ទាក់ទង