អ្នកបេីករថយន្ត Tundra ក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និង ៣នាក់ រងរបួសធ្ងន់ ត្រូវបញ្ជូនទៅតុលាការ
ភ្នំពេញ ៖ បុរសម្នាក់ឈ្មោះ ហៃ វិចិត្រា ដែលបានបេីកបររថយន្តម៉ាក Tundra ក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២២និង ២០នាទីយប់ ត្រង់ចំណុចមុខផ្ទះលេខ២ ផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និង ៣នាក់ទៀតរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោករៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តបន្តតាមនីតិវិច្បាប់ នៅម៉ោង ៣និង០០រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ២០នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុដោយពួកគាត់បានឃើញបុរស២នាក់ បានបើករថយន្តប្រភេទធុនត្រាស៊េរីទំនើបមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2AG-7060 បើកបរតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតមកលលិចក្នុងល្បឿនយ៉ាងណា ខណៈមកដល់ចំណុចកើតហេតុ ជាប់និងរបងធនាគារកាណាឌីយ៉ា បានរេចង្កូតបុកចូលកន្លែងអ្នកលក់គោដុត និងអ្នកជិះម៉ូតូបណ្តាលឲ្យបុកត្រូវមនុស្សប៉ើង ទៅមុខជាច្រើនម៉ែត្រស្លាប់យ៉ាងអាណោចអាធ័ម ចំណែកមនុស្ស៣នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ៕