បញ្ជូនសង្ស័យ ២នាក់ទៅតុលាការ ករណីជួញដូរគ្រឿងញៀន ទម្ងន់ជិត ២០គីឡូក្រាម ឆ្លងដែនទៅវៀតណាម
ស្វាយរៀង ៖ ជនសង្ស័យ ២នាក់ រួមជាមួយវត្ថុតាង គ្រឿងញៀន ទម្ងន់ជិត ២០គីឡូក្រាម
ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ បន្ទាប់ពីពួកគេជួញដូរគ្រឿងញៀន បម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាម។
អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៩និង៣០នាទី នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ០១ករណី ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១.ឈ្មោះ ឡេ វ៉ាន់ថ អាយុ ១៨ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម មុខរបរជាងឈើ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងដែនទៅកាន់ប្រទេសវៀតណាម)។
២.ឈ្មោះ វ៉ាន់ សុផា អាយុ ២០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងឈើ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងដែនទៅកាន់ប្រទេសវៀតណាម)។
វត្ថុតាងចាប់យករួមមាន ៖ -ថ្នាំញៀន ប្រភេទហេរ៉ូអ៊ីន ទម្ងន់ ៣,៥០២ក្រាម -ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ទម្ងន់ ២,៩៨៦ក្រាម -ថ្នាំញៀន ប្រភេទកេតាមីន ទម្ងន់ ១៣,០០០ក្រាម(សរុបទម្ងន់ ១៩.៤៨៨គីឡូក្រាម) -អាវុធខ្លីធុន K54 ចំនួន ០១ដើម បង់ ០១, គ្រាប់ចំនួន ០៨គ្រាប់ -ម៉ូតូ ០១គ្រឿង និងកាបូបធំ សំរាប់ដាក់គ្រឿងញៀនចំនួន ០១៕