ឯកឧត្តម គួច ចំរើន អញ្ជើញក្នុងពិធីប្រកាសបញ្ចូល សមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ១៤៧នាក់
ស្ម័គ្រចិត្ដចូលរួមរស់ក្នុងជីវភាពបក្សជាមួយគណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់
ព្រះសីហនុ៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកព្រៃនប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងឯកឧត្តម លូ គឹមឈន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកព្រៃនប់ និងជាសមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានរៀបចំពិធីប្រកាសបញ្ចូល សមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ១៤៧នាក់ ដែលមកពីរឃុំបី គឺឃុំទួលទទឹង អណ្តូងថ្ម និងឃុំព្រៃនប់ នៃស្រុកព្រៃនប់។
នៅក្នុងឱកាសនោះ តំណាងឱ្យសមាជិកថ្មីដែលស្ម័គ្រចិត្ដចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា និយាយថា ដោយមើលឃើញការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានភាពចាស់ទុំរឹងមាំ ដែលជានិច្ចជាកាលនៅរួមសុខទុក្ខជាមួយ ប្រជាជនគ្រប់កាលៈទេសៈ បានដឹកនាំរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ បង្រូបបង្រួមជាតិ ប្រមូលផ្ដុំគ្រប់ ជាតិសាសន៍និងនិន្នាការនយោបាយ កសាងហេដ្ឋារចនាសម្ព័ន្ធនានា ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចំរើន ពិសេសការ តម្កល់ឧត្ដមគតិស្នេហាជាតិ។ គណបក្សប្រជាជនកម្ពុជា គិតពីជានិ ទើបពួកគាត់មានទំនុកចិត្ដជឿងជាក់ ហើយបាននាំគ្នាសុំ ចូលរួមរស់ក្នុងជីវភាពគណបក្ស ប្រជាជនដោយស្ម័គ្រចិត្ដ ដើម្បីរួមគ្នាអនុវត្ដកោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល និងរួមគ្នាថែរក្សាសន្ដិភាព បន្ដការអភិវឌ្ឍប្រទេសជាតិឱ្យរីកលូតលាស់រ៉ុងរឿងថែមទៀត។
ជាមួយគ្នានោះ ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែដឹកនាំប្ដូរជីវិតរំដោះជាតិ ចេញពីរបបខ្មៅងងឹតប្រល័យពូជសាសន៍ប៉ុលព បន្ដដឹកនាំស្ដារប្រទេសជាតិពីបាតដៃទទេ ឱ្យមានការអភិវឌ្ឍរីកចម្រើនមក រហូតដល់សព្វថ្ងៃ ដោយរួមសុខទុក្ខនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសការយកចិត្ដទុកដាក់រិះរកវិធីថែរក្សា សុខមាលភាពជូនប្រជាជនក្នុងបរិបទវិបត្ដិជំងឺកូវីដ-១៩។ គណបក្សប្រជាជនកម្ពុជា មានគោលជំហរ និងគោលនយោបាយ ច្បាស់លាស់ ក្នុងការដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាពស្ថេរភាពនយោបាយពេញលេញ ក្រោមនយោបាយឈ្នះឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោជាប្រមុខដឹកនាំដ៏ត្រឹមត្រូវ។
ឯកឧត្ដម បន្ដថា គណបក្សប្រជាជនកម្ពុជា គឺជាមាគ៌ាដឹកនាំប្រទេសជាតិ តាំងពីបាតដៃទទេរហូតមកដល់សព្វថ្ងៃ គឺធ្វើឱ្យ បងប្អូនប្រជាពលរដ្ឋ មានសុខសន្តិភាព មានការអភិវឌ្ឍ សេដ្ឋកិច្ចគ្រួសាររីកចម្រើន បងប្អូនប្រជាពលរដ្ឋ អាចមានសិទ្ធិ សេរីភាពគ្រប់គ្រាន់ក្នុងការបញ្ចេញមតិការដើរហើរ ដោយប្រទេសជាតិយើង មានស្ថេរភាពនយោបាយពេញលេញក្រោមការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារហូតដល់សព្វថ្ងៃនេះ។ ឯកឧត្ដម ស្នើឱ្យទាំងអស់ ទាំងសមាជិកថ្មី ទាំងសមាជិកចាស់ បន្ដរួមសាមគ្គីគ្នាឱ្យបានស្អិតរមូត ដើម្បីគាំទ្រគោលនយោបាយដឹកនាំរបស់បក្ស និងរាជរដ្ឋាភិបាល សម្រាប់តម្កល់ផល ប្រយោជន៍រួមក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ បន្ដការអភិវឌ្ឍចីរភាព។ ទន្ទឹមនឹងនោះ ឯកឧត្ដម បានបន្ដអំពាវនាវឱ្យ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ បន្ដអនុវត្ដឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និង“៣កុំ និង៣ការពារ” ដែលជាករណែនាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕