ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការ សម្រេចចោទប្រកាន់ ជនបង្កបើករថយន្ត បុកឱ្យមនុស្សស្លាប់៣នាក់ និងរបួស៧នាក់ នៅផ្លូវវេងស្រេង

57

ភ្នំពេញ៖ តំណាងអយ្យការសម្រេចចោទប្រកាន់ជន បង្កបើករថយន្តបុកឱ្យមនុស្សស្លាប់ចំនួន៣នាក់ និងរបួសចំនួន៧នាក់ នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ពីបទ «បើកបរដោយធ្វេសប្រហែសខ្ជីខ្ជា បើកបរក្នុងស្ថានភាពស្រវឹង បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃច្រើននាក់» តាមបញ្ញត្តិមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ នេះបើយោងតាមលោក ប្លង់ សុផល អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ នៅរសៀលថ្ងៃ១៨ ខែតុលា ឆ្នាំ២០២១នេះ។

បើមើលតាមនីតិវិធីសំណុំរឿងនេះ ត្រូវបន្តបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចចំពោះជោគវាសនារបស់ជនបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើ ដែលបណ្តោលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។

គួរជម្រាបថា នៅវេលាម៉ោង១០៖៣០នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ អ្នកបើកបររថយន្តមួយគ្រឿងម៉ាក Toyota Tundra ពាក់ស្លាកលេខ ភ្នំពេញ 2AG-7060 បានបើកបុកម៉ូតូមួយគ្រឿងដែលកំពុងធ្វើដំណើរ នៅតាមផ្លូវ២១៧ មុខបុរីពិភពថ្មីចំការដូង ប៉ុន្តែអ្នកបើកម៉ូតូរងរបួសស្រាលនោះទេ។

បន្ទាប់ពីបើកបុកម៉ូតូនេះរួចហើយ អ្នកបើកបររថយន្ត Tundra ដដែលនោះ ក៏បានបើករត់គេចចេញពីកន្លែងកើតហេតុ ហើយបត់ចូលទៅផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិច។ នៅលើផ្លូវវេងស្រេងនេះ អ្នកបើករថយន្ត Tundra នោះ បានវ៉ារថយន្តកុងទីន័រមួយគ្រឿងទៀត តែបែរជាជ្រុលចង្កូតទៅបុករទេះលក់សាច់អាំងមួយ ដែលមានមនុស្សកំពុងសាអីវ៉ាន់ត្រលប់ទៅផ្ទះវិញ។ ស្ថានភាពបុកនាពេលនោះ គឺបុករះពេញទំហឹងតែម្ដង ជាហេតុបណ្តាលឱ្យមនុស្ស៣នាក់បានស្លាប់ និង៧នាក់ទៀតរងរបួសធ្ងន់និងស្រាល។ ទីតាំងផ្លូវវេងស្រេងដែលកើតហេតុគ្រោះថ្នាក់ចរាចរណ៍នោះ គឺនៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ បានចុះវាស់វែងនៅកន្លែងកើតហេតុ និងពិនិត្យមើលសាកសព រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

បើតាមគេហទំព័រ Facebook របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានចេញផ្សាយនាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹង ថា សមត្ថកិច្ចបានតាមឃាត់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍នោះបានហើយ ដោយគេមានឈ្មោះ ហៃ វិចិត្រា។ ក្នុងពេលបើកបរបង្កគ្រោះថ្នាក់នោះ ជនបង្ករូបនេះ គឺស្ថិតក្នុងស្ថានភាពស្រវឹងស្រា។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ទៀតថា នៅរសៀលថ្ងៃទី១៧ ខែតុលា ជនសង្ស័យ ហៃ វិចិត្រា ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោក រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង